WB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ វិស័យអចលនទ្រព្យ ត្រូវបានគូសបញ្ជាក់ជាពិសេសថានឹងនៅតែបន្តមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មីរបស់ធនាគារពិភពលោក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រលកវិបត្តិសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក៖ ធនាគារពិភពលោកគូសបញ្ជាក់អំពីឥទ្ធិពលនៃកត្តាខាងក្រៅ ដូចជាការរាតត្បាតសកលដែលកំពុងបន្ត ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំនឹងវិបត្តិហាម៉ាសនិងអ៊ីស្រាអែល និងការកើនឡើងអត្រាការប្រាក់អន្តរជាតិ។ ធាតុទាំងនេះបានរួមចំណែកជារួមដល់ការព្យាករអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលទាបជាងការព្យាករដំបូង ៥,៥ភាគរយបន្តិច ដោយមានការរំពឹងទុកថានឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង៦,១ ភាគរយនៅឆ្នាំ ២០២៥។ ការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជាបង្កើតជាមូលដ្ឋានសម្រាប់ទស្សនវិស័យនេះ។
កត្តាប្រឈមក្នុងស្រុក៖ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ កត្តាប្រឈមផ្ទៃក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានៅក្នុងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ ដែលប្រព័ន្ធទ្រទ្រង់លំហូរសេដ្ឋកិច្ចនេះមានសមត្ថភាពនៅមានកម្រិត រួមផ្សំដោយការផ្គត់ផ្គង់ថាមពលដែលមិនទាន់អាចជឿទុកចិត្តបាន (បញ្ហាថ្លៃថាមពល និងសន្តិសុខថាមពល)។ ទោះបីជាមានការវិនិយោគពីមុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដោយ ក៏បញ្ហាប្រឈមដែលនៅតែបន្តកើតមានទាំងនេះប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ ដោយបន្ថែមភាពតានតឹងទៅនឹងការចំណាយរបស់ពួកគេ។ វិស័យផលិតកម្ម ជាពិសេសសម្លៀកបំពាក់ និងការនាំចេញបានធ្លាក់ចុះ ដែលនាំឱ្យមានការកាត់បន្ថយការងារចំនួន ៥ ភាគរយ។
សំណើដំណោះស្រាយសម្រាប់កំណើនប្រកបដោយនិរន្តរភាពពីធនាគារពិភពលោក៖ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានស្នើឱ្យមានការចាត់វិធានការដោះស្រាយជាបន្ទាន់។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់សិទ្ធិអំណាចដល់វិស័យឯកជនដើម្បីធ្វើជាកត្តាជំរុញកំណើន និងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងក្នុងពេលដំណាលគ្នាដើម្បីកែលម្អ និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ។
- Video Advertisement -