World Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤

កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។

ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី IngunaDobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រាក់កម្ចីនេះជាគម្រោងបន្តពីគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់ដំណាក់កាលទី ២ ឬ Road Asset Management Project II (RAMP II) ដែលនឹងលើកកម្ពស់ផ្លូវជាតិលេខ ៤ ពីផ្លូវក្រាលកៅស៊ូ DBST ទៅជាផ្លូវក្រាលកៅស៊ូប៉េតុង (Asphalt Concrete) ដូចជា កែលម្អចិញ្ជើមផ្លូវ លូសងខាងផ្លូវ និងស្ពានផងដែរ។

លើសពីនេះកញ្ចប់ទឹកប្រាក់នេះក៏នឹងប្រើប្រាស់ដើម្បីកែលម្អស្ថានីយថ្លឹងឡានដែលជាការជួយកាត់បន្ថយហានិភ័យដោយសារការផ្ទុកលើសចំណុះ ដំឡើងកន្លែងកំណត់ល្បឿនយានយន្ត សញ្ញាណែនាំ អំពូលថាមពលពន្លឺព្រះអាទិត្យ និងម៉ាស៊ីនថតល្បឿនជាដើម។ គួរបញ្ជាក់ផងដែរថា គម្រោង RAMP II នេះត្រូវបានស្នើសុំដោយក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីខែកុម្ភៈហើយត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០១៨ ។ (អានបន្ថែម)

បើយោងទៅតាមប្រភពដដែល កម្ចីនេះត្រូវបានផ្តល់ជាហិរញ្ញប្បទានតាមរយៈឥណទានពី International Development Association របស់ World Bank ក្រោមគោលការណ៍ជាកម្ចីដោយគ្មានការប្រាក់។ កម្ចីនេះនិងធ្វើការទូទាត់ក្នុងរយៈពេល ៣៨ ឆ្នាំ ដោយមានការរួមអនុគ្រោះ រយៈពេល ៦ ឆ្នាំ។

ជាការពិតណាស់ កិច្ចព្រមព្រៀងទាំងនេះស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

ក្រៅពីកម្ចីលើគម្រោងនេះ ក្នុងថ្ងៃជាមួយគ្នានេះដែរ ភាគីទាំង២ ក៏បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើគម្រោងកែលម្អការអប់រំឧត្តមសិក្សាក្នុងកញ្ចប់ទឹកប្រាក់ជាង ៩០ លានដុល្លារអាមេរិកផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានឲ្យដឹងថា មកដល់ពេលនេះ WB បានផ្ដល់កម្ចីដល់កម្ពុជាសរុបប្រមាណ ១ ៧៣៤,៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះ ១១៤៨,៩៣ លានដុល្លារអាមេរិក ជាឥណទានសម្បទាន និង ៥៨៥,៥០ លានដុល្លារអាមេរិកជាឥណទានឥតសំណង ដែលនេះជាការបង្ហាញពីកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមួតរវាងកម្ពុជានិង WB ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]