ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់​គុណភាព​សេវា​នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូល​និធិ​សេវាសកល។ នេះបើតាមសេចក្តីប្រកាស​ពត៌មាន​កាល​ពី​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២២។​

គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញ​ឱ្យក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុម​ហ៊ុន​​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានា​ទូទាំង​​ប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម)

ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។

ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន​បង្កើត​​ក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​ និងក្រុមការងារ​ពង្រឹង​គុណភាព​សេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។

- Video Advertisement -