ក្រសួងបរិស្ថាន៖ មានសំរាមជាង ៦៤% ប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម
ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅចាក់នៅទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោលពាសវាលពាសកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។
ឯកឧត្តមបានឱ្យដឹងថា ក្នុងរយ:ពេលមួយឆ្នាំ កម្ពុជាបង្កើតសំរាមបានជាង ៤លានតោន ដែលមានអត្រាកើនឡើងពី ១០ ទៅ ១៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមបន្ថែម ក្នុងនោះសំណល់ភាគច្រើនជាសំណល់សរីរាង្គ ៦០ភាគរយ ប្លាស្ទិកប្រមាណជា ២០ភាគរយ និងសំណល់ទូទៅ ១០ភាគរយ។
នៅក្នុងការទុកដាក់សំរាមនេះ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូកំពុងសិក្សាអំពីបច្ចេកទេស ដែលមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីពិនិត្យលើលទ្ធភាពក្នុងការរៀបចំទីតាំងចាក់សំរាម ដែលមានអនាម័យ និងមានបច្ចេកទេសទំនើប។
ទន្ទឹមនឹងនេះផងដែរ ក្រសួងបរិស្ថាន កំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំរាមធ្វើយ៉ាងណាឱ្យការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាព ហើយក្រសួងក៏មានវិធានការចម្រុះថ្មី ក្នុងការរៀបចំសំរាមដោយប្រើយុទ្ធសាស្រ្តកែច្នៃ ទាញយកថាមពល ប្រព្រឹត្តិកម្ម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការងារទុកដាក់សំរាមនេះផងដែរ បើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បានឱ្យដឹងថា រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។ (អានបន្ថែម)

