គម្រោងស្តារប្រឡាយមេ រំដោះទឹកចេញពីតំបន់ជុំវិញព្រលានយន្តហោះថ្មី សម្រេចបាន ៣៥%
គម្រោងជីកស្តារប្រឡាយមេ៩៦ នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣៥ភាគរយហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារប្រឡាយមេលេខ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ សម្រេចបាន ៣៥ភាគរយហើយ។
ឯកឧត្តម បានបន្តថា ប្រឡាយមេនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយមេ៩៦នេះ គឺជាប្រព័ន្ធរំដោះទឹកមួយដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងធំមួយ ដើម្បីដោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងដល់តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
គួរបញ្ជាក់ទៀតថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ហើយការងារដែលត្រូវធ្វើរួមមាន ០៨ចំនុចសំខាន់ៗ៖
- ទី១. ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
- ទី២. ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល
- ទី៣. ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ
- ទី៤. ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
- ទី៥. ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
- ទី៦. ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល
- ទី៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- ទី៨. ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយឡែក គម្រោងស្តាស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីភាគខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបាន ៨០,៦ភាគរយ ដែរហើយ។ (អានបន្ថែម)



- Video Advertisement -