ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។
តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម)
នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ ពីម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី គេនឹងអាចទៅដល់គោលដៅទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្សបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតិឱ្យ ដោយសាងសង់ដោយក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.កសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕ (អានបន្ថែម)


- Video Advertisement -