ក្រសួងដាក់កំហិតឱ្យឯកជនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រឹមនៅចុងឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនឯកជនឱ្យបញ្ចប់ការសិក្សា និងផែនការលម្អិតនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យចប់សព្វគ្រប់ត្រឹមនៅចុងឆ្នាំ២០២១នេះ គោលបំណងដើម្បីឱ្យកម្ពុជាមានផ្លូវល្បឿនលឿនខ្សែទី២ ក្នុងពេលឆាប់ៗខាងមុខ។
នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកមិញនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខា framework រួចហើយ។ ឥឡូវក្រុមហ៊ុនឯកជនមួយចំនួនកំពុងសិក្សា ហើយយើងទុកពេលឱ្យគាត់ត្រឹមចុងឆ្នាំនេះ»។
«ដូច្នេះ ចុងឆ្នាំនេះគាត់នឹងបញ្ជូនឯកសារគ្រប់យ៉ាងមកឱ្យយើងពិនិត្យ ពេលនោះយើងនឹងដឹងថា ផ្លូវនេះតម្លៃប៉ុន្មាន សង់ពីណាទៅណា ហើយសង់បានឬមិនបាន។ ដូច្នេះ គម្រោងគឺទៅមុខហើយ មិនថយក្រោយនោះទេ»។
ឯកឧត្តម បន្តថា បើមានផ្លូវល្បឿនលឿនទី១ ហើយគឺត្រូវតែមាន ទី២ និងទី៣ ព្រោះ ផ្លូវភ្នំពេញ-បាវិត គឺផ្លូវដ៏ចាំបាច់បំផុត។
គួរបញ្ជាក់ផងដែរថា ផ្លូវនេះកំពុងសិក្សាដោយចិន និងជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd ធ្លាប់បានបង្ហាញគំរូប្លង់ចំនួន៣។ ដូចគ្នានេះ JICA ក៏បានបង្ហាញការសិក្សាលើគម្រោងនេះដែរ។ ប៉ុន្តែរដ្ឋមិនទាន់ជ្រើសរើសប្លង់ណាមួយទេ។ (អានបន្ថែម)
តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

