ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូលនិធិសេវាសកល។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម)
ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។
ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ និងក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។

