ក្រសួងប្តេជ្ញាពង្រឹងនិងលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន បានប្រកាស ប្តេជ្ញាលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួង កាលថ្ងៃទី១៤ -១៩ ខែកក្កដា។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណែត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅដល់ការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។
ឯកឧត្តមបន្តថា ក្រសួងបានប្រាប់ប្រតិបត្តិករទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណែត និងវិធានការដោះស្រាយរបស់ក្រសួង ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។
ចំពោះភាគីពាក់ព័ន្ធណាមួយមិនព្រមសហការ ក្រសួងនឹងអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ។
កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានចេញវិធានការក្តៅ សារព្រមានដល់អ្នកដែលពាក់ព័ន្ធ និងមិនព្រមសហការ ជាច្រើនលើកជាច្រើនសាររួចហើយដែរ។(អានបន្ថែម)និង (អានបន្ថែម) និង(អានបន្ថែម)
ថ្មីៗនេះទៀតសោធ មានសេចក្តីប្រកាសព័ត៌មានស្តីពី ដើម្បីសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។(អានបន្ថែម)
សម្តេច ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕ (អានបន្ថែម)

