ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា
ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។
បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។
ដោយឡែក ចំពោះចំណាប់អារម្មណ៍លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត។
រីឯវិស័យទេសចរណ៍ សម្តេចបានជម្រាបឱ្យដឹងពីគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ចំពោះវិស័យអចលនទ្រព្យវិញ ក្រុមហ៊ុន Sunwah ក៏ធ្លាប់មានបំណងចង់វិនិយោគលើវិស័យនេះនៅខេត្តព្រះសីហនុនាពេលកន្លងមក។ (អានបន្ថែម)
- Video Advertisement -