ធនាគារពិភពលោក ព្រមផ្តល់ទឹកប្រាក់ ៩៣ លានដុល្លារសម្រាប់គម្រោងបែងចែកដីដល់ជនក្រីក្រ
ធនាគារពិភពលោក ទើបនឹងបានអនុម័តទឹកប្រាក់ ៩៣ លានដុល្លារ ជូនកម្ពុជា សម្រាប់យកមកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីផ្ដល់នូវសិទ្ធិកាន់កាប់ដីធ្លីដល់កសិករសហគមន៍ក្រីក្រដែលគ្មានដី និងជនជាតិដើមភាគតិចនៅកម្ពុជា។
សេចក្ដីប្រកាសរបស់ធនាគារពិភពលោកកាលពីថ្ងៃទី ២៦ មិថុនា បានឲ្យដឹងថា គម្រោងនេះ ជួយសម្រួលដល់កសិកម្មខ្នាតតូចនិងសហគមន៍ជនបទក្នុងការកាន់កាប់ដីធ្លី និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដែលជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រនេះ រដ្ឋាភិបាល បានបង្កើតក្របខណ្ឌច្បាប់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បីពង្រីកការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ជាមួយគ្នានោះ រដ្ឋាភិបាល បានរៀបចំផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងសន្តិសុខក្នុងការប្រើប្រាស់ដីធ្លីរបស់ពួកគាត់ផងដែរ។
LASED III នឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទប្រព័ន្ធធារាសាស្រ្តខ្នាតតូចការផ្គត់ផ្គង់ទឹកនិងអនាម័យសាលារៀនផ្ទះគ្រូបង្រៀន មណ្ឌលសុខភាពក្នុងតំបន់ និងមជ្ឈមណ្ឌលសម្រាប់សហគមន៍ផងដែរ។ សម្រាប់អ្នកទទួលសម្បទានដីសង្គមកិច្ចថ្មី នឹងទទួលបានជំនួយជាគ្រាប់ពូជសម្រាប់ដំណាំកសិកផលសម្រាប់ឆ្នាំដំបូងថែមទៀតផង។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការទទួលបានសិទ្ធិក្នុងការកាន់កាប់ដីធ្លីមានសារសំខាន់ណាស់ សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ព្រោះគម្រោងនេះ នឹងធ្វើឲ្យការអនុវត្តកសិកម្មកាន់តែប្រសើរឡើងបង្កើនផលិតភាពក៏ដូចជាទទួលបានសេវាសាធារណៈប្រសើរជាងមុនផងដែរ។»
គួរបញ្ជាក់ផងដែរថាកាលពីខែមីនាកន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទើបបានស្នើថវិកាគំាទ្រគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នេះ ចំនួនប្រមាណ ១០០ លានដុល្លារ សម្រាប់យកមកអនុវត្តតពីគម្រោងចាស់៕ (អានបន្ថែម)
- Video Advertisement -