ផ្ទៃដី ៣០២ ហិកតាក្នុងក្រុងតាខ្មៅ នឹងត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ

រដ្ឋាភិបាលនឹងកាត់យកផ្ទៃដីទំហំ ៣០២ ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។

លិខិតដដែលនេះបានបន្តថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ ភូមិគឺ ភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមមៀន) ភូមិព្រែកអញ្ចាញ (សង្កាត់ព្រែកឬស្សី) ភូមិព្រែកឡុង (សង្កាត់តាក្ដុល) និងភូមិបត្តាជី (សង្កាត់ព្រែកហូរ)។

ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកាត់យកផ្ទៃដី ២ ហិកតា ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាលវិញ។

ពីដើមឡើយផ្ទៃដីនៅតំបន់នេះ មានទំហំ ៣៧៦ ហិកតា ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាជន និងការចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាមានការស្នើសុំកែសម្រួលផ្ទៃដីមកត្រឹម ៣០២ ហិកតាវិញ។

គួរបញ្ជាក់ផងដែរថា ដែលពីដើមឆ្នាំ ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអនុម័តឱ្យកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ (អានបន្ថែម)

រូបភាព៖ Takhmao Town ទីក្រុង តាខ្មៅ

- Video Advertisement -