តើច្បាប់វិនិយោគថ្មីអនុគ្រោះពន្ធអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យលើកលែងទេ?

កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)

តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្វី? តើការលើកទឹកចិត្តពន្ធមានអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យមានសិទ្ធិទទួលការអនុគ្រោះឬទេ?

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

ដោយឡែក វិស័យ និងសកម្មភាព គ.ល.គ ដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធរួមមាន វិស័យឧស្សាហកម្ម និងកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម-កសិឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម វិស័យថាមពលបៃតង តំបន់សេដ្ឋកិច្ចពិសេស សេវាកម្មអប់រំ បណ្តុះបណ្តាល និងជំរុញផលិតភាព ជាដើម។

ការលើកទឹកចិត្តផ្នែកពន្ធនេះទៀតសោត ត្រូវបានបែងចែកជា ៣ប្រភេទ គឺ ការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។ គ.ល.គ អាចទទួលបានលើកលែងទាំង ៣ ប្រភេទ ឬត្រឹមប្រភេទណាមួយ ទាំងស្រុង ឬបានត្រឹមផ្នែកខ្លះ ដោយអាស្រ័យទៅតាមប្រភេទនៃគម្រោង និងការពិចារណារបស់រដ្ឋ។

ការលើកទឹកចិត្តមូលដ្ឋាន

ការលើកទឹកចិត្តនេះមាន ២ជម្រើស អាស្រ័យលើថាវិនិយោគិនជ្រើសរើសមួយណា ក្នុងនោះជម្រើសទី១ គឺលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ឆ្នាំ ដល់៩ឆ្នាំ អាស្រ័យទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដោយគិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។

ដោយឡែក ជម្រើសទី២ គីការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។

ការលើកទឹកចិត្តបន្ថែម

គ.ល.គ អាចទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០% ទៅលើចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្ដុះបណ្ដាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន។

លើសពីនេះ រដ្ឋក៏លើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលត្រូវបានផលិតនៅក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់ ផលិតករក្នុងស្រុកនៅនឹងខ្សែច្រវាក់ផលិតកម្មរបស់គម្រោងវិនិយោគ ក៏ដូចជាការជំរុញការប្រើប្រាស់ ផលិតផលក្នុងស្រុក។

ការលើកទឹកចិត្តពិសេស

រដ្ឋធ្វើការកំណត់ដោយឡែកក្នុងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ អាស្រ័យតាមវិស័យ និងសកម្មភាព ដែលរដ្ឋយល់ថា មានសក្តានុពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

តើគម្រោងសំណង់ និងអចលនទ្រព្យទទួលបានការលើកលែងឬទេ?

តាមច្បាប់វិនិយោគ វិស័យ និងសកម្មភាពពាក់ព័ន្ធនឹងអចលនទ្រព្យ និងសំណង់ មិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធទេ។ ប៉ុន្តែគម្រោងសំណង់ អាចទទួលបានការលើកទឹកចិត្តដោយប្រយោល តាមរយៈការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើការនាំចូលសម្ភារៈសាងសង់ បរិក្ខារសំណង់ ក្នុងការផ្គត់ផ្គង់ និងបំរើដល់វិស័យ គ.ល.គ ខាងលើ។

និយាយឱ្យងាយយល់ គម្រោង គ.ល.គ នានាដូចដែលបានរៀបរាប់ខាង នឹងទទួលបាន ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។

*ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះមានគោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ការប្រឹក្សាផ្នែកច្បាប់នោះទេ។ ខ្លឹមសារនៃអត្ថបទ ត្រូវបានសរសរឡើងយោងតាមឯកសារ និងជាបកស្រាយត្រឹមមួយជ្រុងនៃប្រធានបទ។ ករណីនីមួយៗ អាចមានភាពស្មុគស្មាញខុសៗគ្នា ឬត្រូវគ្រប់គ្រងដោយច្បាប់ និងបញ្ញត្តិច្រើនលើសពីមួយ។ ដូច្នេះ ដើម្បីភាពជាក់លាក់ សូមពិភាក្សាជាមួយទីប្រឹក្សាច្បាប់ អ្នកជំនាញផ្នែកច្បាប់ ឬមន្រ្តីជំនាញនៃស្ថាប័ន-អង្គភាពពាក់ព័ន្ធ។

 

- Video Advertisement -