គម្រោងស្តារប្រឡាយមេ រំដោះទឹកចេញពីតំបន់ជុំវិញព្រលានយន្តហោះថ្មី សម្រេចបាន ៣៥%

គម្រោងជីកស្តារប្រឡាយមេ៩៦  នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣៥ភាគរយហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារប្រឡាយមេលេខ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ សម្រេចបាន ៣៥ភាគរយហើយ។

ឯកឧត្តម បានបន្តថា ប្រឡាយមេនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយមេ៩៦នេះ គឺជាប្រព័ន្ធរំដោះទឹកមួយដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងធំមួយ ដើម្បីដោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងដល់តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។

គួរបញ្ជាក់ទៀតថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ហើយការងារដែលត្រូវធ្វើរួមមាន ០៨ចំនុចសំខាន់ៗ៖

  • ទី១. ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
  • ទី២. ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល
  • ទី៣. ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ
  • ទី៤. ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
  • ទី៥. ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
  • ទី៦. ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល
  • ទី៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  • ទី៨. ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែក គម្រោងស្តាស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីភាគខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបាន ៨០,៦ភាគរយ ដែរហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]