គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបក្នុងខេត្តបាត់ដំបងភាគខាងកើតសម្រេចបាន ១០០% ខណៈខាងលិចសម្រេចបាន ៧៦%
គម្រោងខាងកើតស្ទឹង ហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ អនុវត្តបាន ១០០% ខណៈគម្រោងខាងលិចស្ទឹង ហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត កំពុងអនុវត្តបាន ៧៦% ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងនោះ គម្រោងខាងកើតស្ទឹង បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ប្រវែង សរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥៦,៧០គីឡូម៉ែត្រ, តភ្ជាប់ទុយោទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋចំនួន ៤.១៣១ផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១០,០២ហិកតា, សាងសង់បង្គន់ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០កន្លែង និងបានជួសជុលផ្លូវឡើងវិញចំនួន ៦៨ខ្សែ មានប្រវែង ៤០.៧៨៤ម៉ែត្រ។
ដោយឡែក គម្រោងខាងលិចស្ទឹង ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឃុំអូរតាគី ស្រុកថ្មគោល គ្រោងបញ្ចប់គម្រោង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះ កំពុងអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខ្នងប្រវែងសរុប ៤,៤៨គីឡូម៉ែត្រ, ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ១៣,៦៥គីឡូម៉ែត្រ, ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥ គីឡូម៉ែត្រ, តភ្ជាប់តាមផ្ទះប្រជាពលរដ្ឋចំនួន ៥.០៥៧ខ្នងផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ ៨,៩ហិកតា។
ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងពេលអនុវត្តគម្រោងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ចំនួន ៥២ខ្សែ ក្នុងនោះបានធ្វើការជួសជុលផ្លូវ ឡើងវិញរួចរាល់ចំនួន ២២ខ្សែ សរុបប្រវែង ៨.៧៤១ម៉ែត្រ និងផ្លូវថ្នល់ដែលមិនទាន់បានធ្វើការជួសជុលចំនួន ៣០ខ្សែ សរុបប្រវែង ១៤.៨៥៧ម៉ែត្រ។ ក្នុងចំណោមផ្លូវថ្នល់ចំនួន ៣០ខ្សែ ដែលខូចដោយសារការកាយរៀបចំបណ្តាញទុយោ ទឹកកខ្វក់ ក្នុងនោះផ្លូវ ៨ខ្សែ ក្រុមហ៊ុនម៉ៅការនឹងធ្វើការជួសជុលក្នុងពេលឆាប់ៗនេះ និងផ្លូវ ២២ខ្សែ ទៀតត្រូវបន្តនៅក្នុងជំហានបន្ទាប់។
ខេត្តបាត់ដំបង ជាខេត្តគោលដៅមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែល បានទទួលថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តនូវគម្រោងសាងសង់ស្ថានីយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលគម្រោងនេះត្រូវបានធ្វើការបែងចែកជា ២គម្រោង ដូចខាងលើនេះ។
គួរបញ្ជាក់ថា កាលពីអំឡុងខែមិនា ឆ្នាំ២០២៣ កន្លងទៅ ទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ដែលនេះជាផ្នែកមួយ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២។ (អានបន្ថែម)
គួររំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីផែនការទម្លាក់កញ្ចប់ថវិកាប្រមាណជាង ៤៣.៣៧៧លានរៀល ស្មើប្រហែលជាង ១០.៥៨លានដុល្លារ ដល់ខេត្តបាត់ដំបង សម្រាប់គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១១៧គម្រោងផងដែរ។ (អានបន្ថែម)
- Video Advertisement -