កិច្ចសហប្រតិបត្តិការ និងឱកាស
នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងខែវិច្ឆិកានេះ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។ ជាមួយគ្នានេះ លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណ គុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំ សកម្មភាពផែនការនៃ ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយ នេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ហើយលោកគិតថាកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ គួរបញ្ជាក់ដែរថា កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យ ប្រទេស ទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ហើយសម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននេះដែរ ក៏បានបង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត៕
អានបន្ថែមកម្ពុជា-ចិន សហការគ្នាពង្រឹងគុណភាពអប់រំក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ប្រទេសចិន ដើម្បីពង្រឹងគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសការងារសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័នដល់សិស្សានុសិស្ស។ ពិធីចុះហត្ថលេខាលើអនុស្សរណនេះធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា នៅក្រោមអធិបតីភាពលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang’an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។ ជាមួយគ្នានោះដែរ លោក Fan Wen […]
អានបន្ថែមកម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណាលទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា។
អានបន្ថែមកម្ពុជា-កូរ៉េឯកភាពគ្នាលើកម្ចីតម្លៃ ១,៥ប៊ីលានដុល្លារ សម្រាប់គម្រោងអាទិភាពឆ្នាំ ២០២២-២០២៦
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ ៥០លានដុល្លារអាមេរិក សម្រាប់ផែនការឆ្នាំ២០២២-២០២៤ ដើម្បីអភិវឌ្ឍលើវិស័យអាទិភាពធំៗរបស់កម្ពុជា។ នេះបើតាមកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចី និងជំនួយខាងលើ នឹងយកទៅអភិវឌ្ឍវិស័យសំខាន់ៗនានា ដូចជា ផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជាង ៤៥៥ លានដុល្លារអាមេរិក។ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង […]
អានបន្ថែមអាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។ ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ដោយប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងដែលថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។ ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងគម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា។ (អានបន្ថែម)
អានបន្ថែមជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី
កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានថាមពលនៃទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមវត្តមានឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងលោកស្រី Miyahara Ai អនុប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងអ្នកជំនាញការជប៉ុនពីក្រុមហ៊ុនថាមពលអគ្គីសនី Chugoku។ គួរបញ្ជាក់ថា អ្នកជំនាញការ ឬកម្មសិក្សាការីកម្ពុជាចំនួន ៦នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនេះ គឺមកពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមការបណ្តុះបណ្តាលដោយអ្នកជំនាញការជប៉ុនផ្ទាល់។ វគ្គបណ្តុះបណ្តាលនេះទៀតសោធ គឺមានគោលបំណងចូលរួមចំណែកលើកកម្ពស់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពវាយតម្លៃគម្រោង IPP របស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធនានាដែលចូលរួមក្នុងការវាយតម្លៃគម្រោង៕
អានបន្ថែមរដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព
រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ឥណ្ឌាពិភាក្សាលើគម្រោងតភ្ជាប់គម្រោងហាយវេត្រីភាគីមកកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានពិភាក្សាគ្នាលើការគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ខែឧសភា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា លើកឡើងថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមដោយប្រទេសចំនួនប្រាំមួយ គឺឥណ្ឌា និងប្រទេសអាស៊ានចំនួនប្រាំ រួមមាន កម្ពុជា ឡាវ […]
អានបន្ថែមអាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដុល្លារនេះ រដ្ឋបាលរបស់លោក Joe Biden ចង់បង្ហាញដល់រដ្ឋសមាជិកអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តោតមកលើតំបន់អាស៊ីប៉ាស៊ីហ្វីក។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ទីក្រុងប៉េកាំង បានប្រកាសជំនួយ ១ ៥០០ លានដុល្លារដល់តំបន់អាស៊ាន ជាជំនួយអភិវឌ្ឍន៍សម្រាប់ស្តារឡើងវិញពីវិបត្តិជំងឺសកល និងស្តារសេដ្ឋកិច្ច។
អានបន្ថែមសាលាក្រុងស្នើឱ្យជប៉ុនជួយលើកកម្ពស់ប្រព័ន្ធពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់នៅភ្នំពេញ
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យជប៉ុនពិចារណាវិនិយោគបន្ថែមលើច្រើនវិស័យនៅទីក្រុងភ្នំពេញ ពិសេសលើសេវាកម្មពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនជប៉ុន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ កន្លងទៅ។ ឯកឧត្តម ថា៖ «បញ្ហាអគ្គិភ័យសម្រាប់អគារខ្ពស់ៗ គឺរឿងសំខាន់មួយដែលត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ពេល ទាំងបច្ចេកទេស ឧបករណ៍ រថយន្តពន្លត់អគ្គីភ័យ និងក្រុមការងារមានចំណេះជំនាញ ទិសដៅដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា»។ ជាការឆ្លើយតបនឹងសំណើ លោក តាកាហាស៊ី ហ្វូមីគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ភាគីជប៉ុននឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ តាមតែអាចធ្វើបាន។ គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ តាមសំណង់គោលដៅ។ (អានបន្ថែម)
អានបន្ថែម