អ្នកធុរកិច្ចកម្ពុជា ជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ព្រមទាំងជាអ្នកធុរកិច្ចល្បីឈ្មោះនៅកម្ពុជាផងនោះ បានជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធដែលជំពាក់រដ្ឋ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជននាពេលកន្លងមក។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាពន្ធដារកម្ពុជា (Cambodia Tax Forum 2026) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីសប្តាហ៍មុន។ នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញ និងស្នើទៅកាន់អគ្គនាយកដ្ឋានពន្ធដារថា គួរពិចារណាលើបំណុលពន្ធឬបំណុលចាស់ដើម្បីសម្រួលឱ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន ព្រោះការលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជននឹងអាចមានផលប្រយោជន៍ដល់សង្គម។ សូមរំឭកដែរថា បើតាមសេចក្តីបំភ្លឺព័ត៌មានកាលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា ពន្យល់បន្ថែមថា ការដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុលពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។ ទោះជាយ៉ាងណា សភាពាណិជ្ជកម្មកម្ពុជាបានទទូចឲ្យវិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងទាំងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់អនុលោមភាពសារពើពន្ធ និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់របស់រដ្ឋាភិបាលកម្ពុជា៕

អាន​បន្ថែម

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧

រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​​ពន្យារកាលបរិច្ឆេទ​នៃ​ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ​រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២ ខែ​មករា បាន​លើក​ឡើង​ថា អនុលោមតាមចំណារឯកភាពរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ​ចំណេញមូលធនផ្នែកអចលនទ្រព្យ​រយៈពេល ១ ឆ្នាំទៀត។ សេចក្តី​ជូនដំណឹង​​ដដែល ក៏បានបញ្ជាក់ទៀត​ថា៖ ​«​ចំពោះពន្ធលើចំណេញមូលធន​ដែលសម្រេចបានពីការលក់ ឬផ្ទេរ​អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តី​ជូន​ដំណឹង បាន​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន​ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕  (អានបន្ថែម)

អាន​បន្ថែម