អាជ្ញាធរខេត្តកោះកុងត្រៀមដីទំហំជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាមកម្រិតស្តង់ដា

អាជ្ញាធរខេត្តកោះកុង បានត្រៀមដីជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាម និងសំណល់រឹង កម្រិតស្តង់ដា នាពេលអនាគត​។ នេះបើតាមការលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមសហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវ បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ ដោយបានត្រៀមដីចំនួនជាង ៩០ហិកតា សម្រាប់ត្រៀមកសាងទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ លោកជំទាវ បានបន្តថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានទីលានទុកដាក់សំរាមហើយ ប៉ុន្តែមិនទាន់ត្រូវតាមលក្ខណៈស្តង់ដា គ្រាន់តែមានទីលានចាក់សំរាមថ្មី  ដូច្នេះហើយរដ្ឋបាលខេត្តកំពុងតែរៀបចំ ដើម្បីសុំក្រសួងរៀបចំនូវស្តង់ដាមួយដែលសមស្រប។ លោកជំទាវ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនក្នុងក្រុងខេមរភូមិន្ទ បានយល់ដឹងច្រើនពីការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ខណៈអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអំពីផលវិបាកនៃការប៉ះពាល់ដល់បរិស្ថាននិងប៉ះពាល់ដល់ជីវភាព ប៉ះពាល់ដល់សេដ្ឋកិច្ច ទើបធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមចំណែកក្នុងការចូលរួមលុបបំបាត់នូវថង់ប្លាស្លិកផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខេត្តកោះកុងក្នុងការលើកកម្ពស់បរិស្ថានស្អាត និងបៃតង ទាំងនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋបាលខេត្តបន្តលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន និងគាំទ្រដល់គម្រោងបង្កើតទីលានចាក់សំរាមនាពេលខាងមុខ។

អាន​បន្ថែម