ចំណតរថយន្តក្រុងឆ្លាតវៃនៅភ្នំពេញ មាន ៣ប្រភេទ ទំនើបម្យ៉ាងម្នាក់ ជប៉ុននឹងបញ្ចប់ការសិក្សាខែមីនា

ការសិក្សាលទ្ធភាពនៃការបង្កើតចំណតឡានក្រុងឆ្លាតវៃនៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន កំពុងបន្តដោយរលូន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំនេះ។ វឌ្ឍនភាពនៃការសិក្សានេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំវេទិកាសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង កម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ។ គម្រោងចំណតរថយន្តក្រុងឆ្លាតវៃ ស្ថិតក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT)។ ការសិក្សាបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ ២០២១ ដោយក្រុមហ៊ុនជប៉ុនចំនួន ៣។ យោងតាមការសិក្សាជាបឋម ចំណតក្រុងឆ្លាតវៃអាចនឹងមាន ៣ ប្រភេទខុសគ្នា ដែលនឹងសង់តាមទីតាំងសំខាន់ៗនានានៅជុំវិញទីក្រុងភ្នំពេញ ហើយទីតាំងមួយណានឹងមានចំណតបែបណាគឺអាស្រ័យលើតម្រូវការជាក់ស្តែង។ ចំណតឆ្លាតវៃប្រភេទទី ១ ជាកម្រិតខ្ពស់ ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយ ដូចជាប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុង ពេលវេលាមកដល់ ឧបករណ៍បង្ហាញអាកាសធាតុ និងកង់អគ្គិសនីសាធារណៈ ។ ដោយឡែក ចំណតឆ្លាតវៃប្រភេទទី ២ ជាកម្រិតមធ្យមដែលមានហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជាកន្លែងអង្គុយរងចាំ និងប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុងជាដើម។ ចំណតទាំង ២ ប្រភេទនេះ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាមេរ៉ាឆ្លាតវៃ ភ្លើងបំភ្លឺឆ្លាតវៃ wifi និងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប្រកាសព័ត៌មានឌីជីថល។ ដោយឡែក ប្រភេទទី៣ គឺគ្រាន់តែបញ្ជរចំណតរថយន្តក្រុងធម្មតាតែប៉ុណ្ណោះ។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។  

អាន​បន្ថែម