គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ៣ កក្កដានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ពោលគឺក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ មានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ និងសំណង់ផ្សេងៗទៀត ។ល។ នេះបើយោងតាមហ្វេសប៊ុក របស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន។
ច្បាប់នេះត្រូវបានផ្តួចផ្តើមឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។
លទ្ធផលនៃការប្រជុំ បានឱ្យដឹងទៀតថាច្បាប់នេះរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក និង៩០មាត្រា។
ច្បាប់នេះដែរ ធ្វើឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍ដូចជា ការកំណត់អំពីប្រភព និងប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋ ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភិវឌ្ឍ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។ល។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តី ក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ហើយក៏បានប្រកាសបើកកាស៊ីណូឡើងវិញបន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ១៩ ។ (អានបន្ថែម)
- Video Advertisement -