កម្ពុជាប្រកាសអនុវត្តការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធជាផ្លូវការហើយ

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយអនុញ្ញាតឱ្យសហគ្រាសសាធារណៈ និងឯកជន អាចប្រមូលដើមទុនរយៈពេលវែង សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបោះផ្សាយមូលបត្របំណុល ដែលជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយភាពធន់ជាងមុន។

យោងតាមសេក្តីប្រកាសព័ត៌មាន ដោយការប្រកាសជាផ្លូវការនូវបទប្បញ្ញត្តិថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ឱ្យអនុវត្ត ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍ណែនាំ ស្តីពីទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី២២​ ខែកក្កដា នៅ សណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន. ម.ក. និង ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ន.ម.ក. បានរៀបចំប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ។

ប្រកាសនេះ កំណត់នូវ ក្របខណ្ឌបទប្បញ្ញត្តិច្បាស់លាស់សម្រាប់ការបោះផ្សាយមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញប្បទានលើគម្រោងសាងសង់ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ជាសេវាកម្មសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន. ម.ក. មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាឆ្អឹងខ្នង និងសសៃឈាមដ៏សំខាន់ដែលមិនអាចប្រកែកបាន ក្នុងការផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច-សង្គមទាំងអស់ ហើយបានក្លាយជាកាតាលីករចម្បងក្នុងការជម្រុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់យើង ដែលជាសសរស្តម្ភដ៏សំខាន់ដែលមិនអាចមើលរំលងបាន។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុម័ត ប្រកាសនេះគឺស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។

ឯកឧត្តមបានបន្ថែមថា៖ “សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើពិពិធកម្មឧបករណ៍ ហិរញ្ញវត្ថុបន្ថែមពីលើមធ្យោបាយកៀរគរហិរញ្ញវត្ថុបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏សង្កត់ធ្ងន់លើជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។ បន្ថែមពីនេះ ប្រកាសនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុតាមវិធីសាស្រ្តចម្រុះ ដែលអនុញ្ញាតឱ្យពួកគេប្រមូលដើមទុនប្រកបដោយប្រសិទ្ធភាពជាងមុន។ ជាលទ្ធផល គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យអាទិភាព និងគម្រោងប្រកបដោយចីរភាព”។

ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា (២០២៣-២០៣៣) បានកំណត់អំពីតម្រូវការហិរញ្ញប្បទាន ប្រមាណជា ៣៦ពាន់លានដុល្លារ។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសនេះ នឹងក្លាយជាច្រកមួយដែលអនុញ្ញាតឱ្យវិនិយោគិន ធ្វើការផ្តល់ហិរញ្ញប្បទានតាមរយៈទីផ្សារមូបេបត្ររបស់កម្ពុជា។

ជាមួយនឹងបទប្បញ្ញត្តិដែលមានជាធរមាននេះ កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី ក្នុងការទាញយកអត្ថប្រយោជន៍ពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រមូលមូលនិធិរាប់ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានរយៈពេលវែង។ ប្រកាសនេះនឹងបង្កើតឱ្យមានយន្តការផ្តល់ហិរញ្ញប្បទានស្រដៀងគ្នា បង្កើនទំនុកចិត្តវិនិយោគិន និងគាំទ្រការអភិវឌ្ឍរយៈពេលវែងប្រកបដោយចីរភាព។

ប្រកាសនេះ មាន ៧ជំពូក និង ២៥ប្រការ ដែលបានកំណត់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការបោះផ្សាយ ព្រមទាំងកាតព្វកិច្ចក្រោយការបោះផ្សាយសម្រាប់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ខណៈគោលការណ៍ណែនាំកំណត់អំពីវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីការបោះផ្សាយមូលបត្ររដ្ឋលើកដំបូងរបស់កម្ពុជា នៅឆ្នាំ២០២២ ទីផ្សារមូលធនក្នុងស្រុកប្រមូលបានជាង ៤១៧,៤៦ លានដុល្លារ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដែលបង្ហាញពីការកើនឡើង នៃចំណាប់អារម្មណ៍ របស់វិនិយោគិនមកលើទីផ្សារមូលបត្រកម្ពុជា។ ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធនេះ នឹងបន្តជំរុញសន្ទុះនេះដោយបង្កើតនូវបណ្តាញវិនិយោគ ដែលស្របជាមួយនឹងអាទិភាពអភិវឌ្ឍន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]