កម្ពុជាមិនខ្ចីលុយគេសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត តម្លៃ ៤ពាន់លានដុល្លារនោះទេ
គម្រោងអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែតដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក កំពុងស្វែងរកដៃគូវិនិយោគមកបណ្ដាក់ទុនជាលក្ខណៈ BOT ដោយរដ្ឋាភិបាលនឹងមិនខ្ចីប្រាក់ពីបរទេសមកសង់នោះទេ។
នេះបើយោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ អមជាមួយតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមមានប្រសាសន៍ថា គម្រោងនេះមានការឯកភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់នាយករដ្ឋមន្រ្តីចិន និង ប្រធានាធិបតីចិនផងដែរ ដើម្បីតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសថៃ និងឡាវ។ កាលពីពេលថ្មីៗនេះ លោក ស៊ី ជិនពិន ក៏បានគាំទ្រសម្រាប់ការងារដំណាក់កាលដំបូងទាក់ទងនឹងគម្រោងផ្លូវដែករបស់កម្ពុជា ដោយបានផ្តល់ជាទឹកប្រាក់ចំនួន ៣០០លានយ័នផងដែរ។ (អានបន្ថែម )
ឯកឧត្តមបញ្ជាក់ថា “ផ្លូវដែលល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែត យើងកំពុងសិក្សា និងស្វែងរកដៃគូ មកលើកកម្រិតសាងសង់ផ្លូវដែក ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីតបភ្ជាប់ជាមួយនឹងប្រទេសថៃ ហើយពីប្រទេសថៃទៅកាន់ប្រទេសឡាវ និងពីឡាវទៅកាន់ប្រទេសចិនតែម្តង”។
ឯកឧត្តមសង្កត់ធ្ងន់ថា “រាជរដ្ឋាភិបាលកម្ពុជា អត់មានគោលបំណង នឹងខ្ចីលុយពីគេ ជាងបី ឬបួនពាន់លាន មកសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតនោះទេ។ ប៉ុន្តែយើងកំពុងស្វែងរកដៃគូឯកជន មកសាងសង់ជាប្រភេទ BOT ធ្វើយ៉ាងណាកុំឲ្យយើងខ្ចីលុយគេច្រើនពេក ព្រោះយើងក៏អត់ចង់ជំពាក់គេច្រើនដែរ បើទោះជាកម្ចីសរុបរបស់យើងស្ថិតនៅក្រោមបន្ទាត់ក្រហមក៏ដោយ”។
យោងតាមថ្នាក់ដឹកនាំក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នបំណុលសាធារណៈរបស់ប្រទេសកម្ពុជាស្ថិតនៅក្រោម ៤០% នៃកម្រិតផលិតផលក្នុងស្រុកសរុប ដែលបង្ហាញថាមិនមានបំណុលវ័ណ្ឌក ឬស្ថិតនៅចំណុចហានិភ័យណាមួយ ដូចមតិមួយចំនួនបានលើកឡើងនោះទេ។
គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែត មានប្រវែងសរុប ៣៨២ គីឡូម៉ែត្រ ភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ និងគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក៕ (អានបន្ថែម)
- Video Advertisement -