កម្ពុជា-កូរ៉េ រួមគ្នាច្នៃសរសៃកញ្ចក់ប្លាស្ទិក សម្រាប់ប្រើក្នុងសំណង់ មានគុណភាពរឹងមាំជាងដែកទ្វេដង
ក្រុមហ៊ុន R&S Steel Cambodia Co. Ltd ដែលជាសហវិនិយោគរវាងសហគ្រិនកម្ពុជា និងកូរ៉េ បានណែនាំផលិតផលដែលជារបកគំហើញថ្មីមួយចូលទីផ្សារសំណង់កម្ពុជា នោះគឺផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិក ដែលត្រៀមនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះវិស័យសំណង់។ សម្ភារៈប្រកបដោយភាពច្នៃប្រតិដ្ឋនេះ មានភាពរឹងមាំធន់ជាងដែកទ្វេដង។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ BTVNews Cambodia នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ អ្នកដឹកនាំកំពូលនៃក្រុមហ៊ុន R&S Steel Cambodia Co. Ltd បានបង្ហាញថា ផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិករបស់ក្រុមហ៊ុនច្នៃចេញពីសមាសធាតុផ្សំនៃសរសៃកញ្ចក់ និងសារធាតុប្លាស្ទិក បង្ហាញពីភាពរឹងមាំ និងមុខងារសម្រាប់សំណង់ដូចជាផលិតផលដែកដែរ។ ផលិតផលប្រកបដោយនវានុវត្តន៍នេះ អាចយកទៅប្រើប្រាស់ក្នុងមុខងារច្រើនយ៉ាង ជាពិសេសក្នុងការសាងសង់សំណង់អគារ ផ្លូវ និងស្ពាន។ ជាពិសេសជាងគេ ការប្រើប្រាស់ពូកែបំផុតនោះ គឺសម្រាប់ការសាងសង់ផ្លូវបេតុង។
យោងតាមតំណាងក្រុមហ៊ុន មុននឹងត្រូវបាននាំចូលមកកម្ពុជាក្នុងខែមីនា ឆ្នាំ ២០២៣ បច្ចេកវិទ្យានេះធ្លាប់បានអនុវត្តដោយជោគជ័យនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងទីផ្សារប្រទេសធំៗផ្សេងទៀតចាប់តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ ថ្វីត្បិតតែថ្មីៗនេះ បច្ចេកវិទ្យាថ្មីនេះ ទើបនឹងមានការណែនាំមកកាន់ទីផ្សារកម្ពុជាក៏ដោយ ការធ្វើតេស្តយ៉ាងម៉ត់ចត់ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ ដោយក្រុមហ៊ុនផ្ទាល់ បានបង្ហាញលទ្ធផលតេស្តថា កម្រិតភាពរឹងធន់ ( tensile strength) ផលិតផល fiberglass នេះ គឺមានចំនួន ១២៥០ ប៉ាស្កាល់ (1250 Pa) ខណៈដែលកម្រិតភាពធន់រឹងរបស់ដែកធម្មតា មានត្រឹមតែប្រមាណ ៦០០ ប៉ាស្កាល់តែប៉ុណ្ណោះ។ លទ្ធផលនេះ បានបញ្ជាក់ពីការអះអាងរបស់ក្រុមហ៊ុនដែលថា កម្រិតភាពរឹងធន់ ( tensile strength) របស់ផលិតផល fiberglass នេះ គឺរឹងជាប់បានយូរខ្លាំងជាងដែកដល់ទៅពីរដង។
ផលិតផល fiberglass ដែលដាក់លក់នៅលើផ្សារ មានទំហំចាប់ពី ៨mm ដល់ ២០mm កំពុងបង្ហាញខ្លួនជាជម្រើសដ៏រឹងមាំជំនួសដែកថែប និងមានគុណសម្បត្តិច្រើនជាងដែក ដូចជា មានភាពធន់រឹងមាំជាង មានទំងន់ស្រាលជាងងាយស្រួលសម្រាប់លើកដាក់ប្រើប្រាស់ និងមិនមានបញ្ហាច្រេះចាប់ដូចជាដែកថែបនោះទេ។
តំណាងក្រុមហ៊ុនបានកត់សម្គាល់ថា៖ “នៅក្នុងប្រទេសកម្ពុជាយើង យើងនៅមានចំណុចខ្វះខាតនៅឡើយ ព្រោះអីវត្ថុធាតុដើមភាគច្រើន គឺយើងនាំចូលពីប្រទេសកូរ៉េមក។ តែអនាគត ខ្ញុំជឿថា នៅពេលផលិតផលរបស់យើងដំណើរការបានរលូនហើយ វត្ថុធាតុដើមយើងនឹងអាចធ្វើបាន ព្រោះអីកម្ពុជារបស់យើងសម្បូរធនធានណាស់…វត្ថុធាតុដើមរបស់យើងបានច្រើន”។
លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគនាំមុខនៃបដិវត្តបច្ចេកវិទ្យាសម្រាប់វិស័យសំណង់មួយនេះ ដោយស្នើឡើងថា “ខ្ញុំសូមសំណូមពរដល់ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួង សូមមេត្តាជួយគ្រាំទ្រដល់ផលិតផលថ្មីបំផុតនៅក្នុងប្រទេសកម្ពុជារបស់យើង …ដើម្បីឱ្យកម្ពុជាយើងមានអ្វីដែលថ្មី។ យើងចង់បានអ្វីដែលថ្មី ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជារបស់យើង។”
- Video Advertisement -