ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពតសម្រេចបានជាង ៧0% ឬស្មើនឹង ៣៥៨ ភូមិ

គិតមកដល់ពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% ហើយ។

នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចចុះពិនិត្យការងារនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា បើគិតពីពេលចាប់ផ្តើមអនុវត្តនៅ ខែតុលា ឆ្នាំ២០០៣ រហូតមកដលពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពត បានសម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ។

ដោយឡែក ក្បាលដីប្រមាណជាង ៦០ម៉ឺន កន្លែង ឬស្មើនឹង ៧៥,៩២% នៃក្បាលដីសរុបជាង ៨០ ម៉ឺនក្បាលដី ត្រូវបានកាត់ជូនពលរដ្ឋ។ ខណៈ ការចែកបណ្ណកម្មសិទ្ធិគឺបានចំនួន ៥៣៧ ៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃដីសរុប ១៥ ម៉ឺនហិកតា។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់ឱ្យដឹងថា មកទល់បច្ចុប្បន្ន ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីទូទាំងប្រទេសបានជាង ៦,៤លានប័ណ្ណ ឬស្មើនឹង ៩០,០៣% នៃក្បាលដីសរុប។

ក្រសួងក៏បានប្តេជ្ញាថា នឹងបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសឱ្យ១០០% ឬស្មើនឹងបាន៧លានក្បាលដី នៅឆ្នាំ២០២៣ខាងមុខនេះ ផងដែរ៕ (អានបន្ថែម)

- Video Advertisement -