ក្រសួងពីរសម្ពោធឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណែត។
ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រួមមាន៖
- ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារពាក់ព័ន្ធដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល gov.kh
- ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធើណែត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង
- ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់កម្មវិធី Softwareដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ
- ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល
- ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
- ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។
គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ កាលពីពេលកន្លងមក៕
***ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ ដែលបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋឌីជីថល និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមួយប្រកបដោយវឌ្ឍនភាពជាលំដាប់។
- Video Advertisement -