ក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម
ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។
នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយបង្អស់ហ្នឹង គឺថ្ងៃទី ១៧។ ផ្លូវ ១២៣ ខ្សែ ៣០៨ កំណាត់ ហើយខូចខាត ៤០០ គីឡូម៉ែត្រ នៅក្នុងនោះដីក្រហមប្រហែលជា ១៤០ គីឡូម៉ែត្រ ហើយក្រៅពីហ្នឹងជាដីកៅស៊ូរបស់យើង»។
ឯកឧត្តមបានបន្តថា៖ «យើងនឹងស្វែងរកថវិកាមកជួសជុលបន្ទាន់ អាចជាថវិកាជាតិ ឬ ថវិកាពីដៃគូអភិវឌ្ឍន៍យើង ក៏អាចចូលរួមដោះស្រាយបញ្ហាប៉ះពាល់ផ្លូវថ្នល់របស់ពួកយើង។»
បច្ចុប្បន្ន ក្រសួងសារធារណការ និងដឹកជញ្ជូន កំពុងចាត់វិធានការមួយចំនួនរួមមានដូចជា ការទប់ទឹកមិនឱ្យហូរលើផ្លូវ ការបង្អាកចរាចរណ៍ និងរថយន្តដឹកទំនិញធំៗឆ្លងកាត់ផ្លូវ។
ឯកឧត្តម ក៏បានបញ្ជាក់ថា សម្រាប់ម៉ោង ១២ យប់នេះ ខាងក្រសួង នឹងបើកឱ្យមានចរាចរណ៍ឡើងវិញហើយចំពោះផ្លូវជាតិលេខ ៤។ ចំណែកផ្លូវលេខ ៣ និង លេខ ៥ គឺខាងក្រសួងមិនទាន់បើកឱ្យដំណើរនៅឡើយទេ។
ឯកឧត្តម ក៏ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។ (អានបន្ថែម)

