ក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកសាខា E-mart 24 ឱ្យបាន ១00ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២៨
ក្រុមហ៊ុន Hanlim Architecture Group ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យដ៏លេចធ្លោមួយរបស់ប្រទេសកូរ៉េ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងបើកដំណើរការ ការនាំចូលហាងទំនិញលក់រាយដ៏ធំរបស់កូរ៉េម៉ាក E-mart 24 មកកាន់ទីផ្សារកម្ពុជា។ កិច្ចសហការនេះ គឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Saihan Partners ដែលបានបង្កើតឡើងកាលពីដើមឆ្នាំនេះក្នុងភាពជាដៃគូជាមួយ Hanlim Architectural Group និងក្រុមហ៊ុនលក់រាយឈានមុខនៅកម្ពុជា Saisons Brother Holding Corp នេះបើយោងតាម The Investor កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។
កិច្ចព្រមព្រៀងផ្លូវការដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនើបកម្មទីផ្សារហាងលក់រាយនៅកម្ពុជា។ ដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Park Jin-sun នាយកប្រតិបត្តិ E-mart លោក Han Chae-yang និងនាយកប្រតិបត្តិ Saihan Partners លោក David Sambo ពិធីនេះ បានពង្រឹងការប្តេជ្ញាចិត្តក្នុងការកែប្រែលទ្ធភាពទទួលបានទំនិញ និងសេវាដែលមានគុណភាព និងមានស្តង់ដារសម្រាប់ប្រជាជនកម្ពុជា។
តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ Saihan Partners រំពឹងថានឹងបើកសម្ពោធហាងដំបូងរបស់ E-mart 24 នៅភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា នៅក្នុងឆមាសទីមួយនៃឆ្នាំខាងមុខនេះ។ ការបណ្តាក់ទុននេះ មានគោលបំណងពង្រីកការបោះជំហានរបស់ខ្លួនជាលំដាប់ ដោយគ្រោងនឹងឈានដល់ការបើកហាងឱ្យបានសរុបចំនួន ១០០ នៅឆ្នាំ ២០២៨។
អ្វីដែលរឹតតែពិសេសប្លែកពីហាងលក់រាយផ្សេងទៀតនោះ គឺក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការបង្កើត E-mart 24 ជាមជ្ឈមណ្ឌលសម្រាប់បទពិសោធន៍វប្បធម៌អាហារកូរ៉េតែម្តង នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីរបស់ក្រុមហ៊ុនមន្ត្រី Hanlim ។ លើសពីគំរូហាងលក់រាយធម្មតាៗបែបប្រពៃណី ចក្ខុវិស័យថ្មីនេះ រួមបញ្ចូលសេវាកម្មដឹកជញ្ជូនអាហារដោយសហការជាមួយក្រុមហ៊ុនចែកចាយក្នុងស្រុក ដោយផ្តល់ជូនអតិថិជនកម្ពុជានូវសេវាផ្គត់ផ្គង់ថ្មីដ៏ទូលំទូលាយ និងពេញលេញ។
លោក Park ប្រធានក្រុមហ៊ុន Hanlim បានសម្តែងនូវភាពរីករាយដោយបញ្ជាក់ថា “ការប្រើប្រាស់ជំនាញរបស់យើងក្នុងការរចនា និងសាងសង់ស្ថាបត្យកម្មកូរ៉េ យើងព្យាយាមណែនាំរលក(វប្បធម៌)កូរ៉េថ្មីដល់ប្រទេសកម្ពុជា។ យើងនឹងខិតខំឱ្យ E-mart 24 ក្លាយជាសេវាជាទីគាប់ចិត្តរបស់ប្រជាជនកម្ពុជា ដែលអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍ រសជាតិ និងជំនក់ចិត្តរបស់អាហារកូរ៉េ។”
ការបណ្តាក់ទុនចូលទៅក្នុងទីផ្សារម្ហូបអាហាររបស់ប្រទេសកម្ពុជា គឺជាសក្ខីកម្មបញ្ជាក់ពីការទទួលស្គាល់របស់ក្រុមហ៊ុនអំពីសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ។ ប្រទេសកម្ពុជាដែលមានអត្រាកំណើន GDP ប្រចាំឆ្នាំដ៏រឹងមាំលើសពី ៧% គិតមកត្រឹមសម័យមុនជំងឺរាតត្បាត បាននិងកំពុងទទួលសន្ទុះកំណើនរបស់ខ្លួនឡើងវិញ ជាមួយនឹងអត្រាកំណើនដែលបានព្យាករថានឹងកើនឡើងដល់ ៦,៦% នៅឆ្នាំ ២០២៤ នេះបើយោងតាមប្រភពពីរដ្ឋាភិបាល។ ការរំពឹងទុកនេះ ត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយរាជធានីភ្នំពេញបានទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ ៦,៦ លាននាក់ជារៀងរាល់ឆ្នាំ គិតត្រឹមពេលមុនជំងឺរាតត្បាត។
ក្រុមហ៊ុន Hanlim Architecture Group ដែលបានបង្កើតសាខាក្នុងតំបន់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ នៅតែបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍។ ការបណ្តាក់ទុកដ៏មានមហិច្ឆតាជាមួយ E-mart 24 នេះ មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរអាជីវកម្មជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ ដែលនាំមកនូវបទពិសោធន៍ធ្វើម្ហូបកូរ៉េដ៏ល្អបំផុតទៅកាន់បរិវេណនានាតាមដងវិថីដ៏រស់រវើកនៃប្រទេសកម្ពុជា។ នៅពេលដែលហាង E-mart 24 ដំបូងបើកទ្វារ វានឹងមិនត្រឹមតែជាហាងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានវប្បធម៌ជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរថែមទៀតផផង៕
- Video Advertisement -