ក្រុមហ៊ុន FreshStart ដ៏ធំរបស់អូស្ត្រាលី ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
លោក Daniel Phillips បានជម្រាបសម្តេចនៅក្នុងជំនួបខាងលើនេះថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ក៏ជាបុត្រសម្ព័នមួយដែរ នៃក្រុមហ៊ុន Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។
ជាមួយនឹងគោលបំណងនេះ សម្តេចធិបតី បានឆ្លើយតបដោយបញ្ជាក់ថា កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។
ដោយឡែកចំពោះ វិស័យសុខាភិបាលវិញ សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះ លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន ខណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ។
ជាចុងក្រោយ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល។
- Video Advertisement -