ខណ្ឌជ្រោយចង្វារតម្រូវឲ្យផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ប្តូរទីតាំង
ផ្សារទំនើបឡាក់គី សាខា ជ្រោយចង្វារ ក្បែររង្វង់មូលព្រហ្មបាយ័ន ត្រូវបានតម្រូវឲ្យប្តូរទីតាំងអាជីវកម្មថ្មី ដោយាសារទីតាំងអាជីវកម្មបច្ចុប្បន្ន មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើប ដែលមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ សម្រាប់យានយន្ត ដែលបង្កឲ្យកកស្ទះចរាចរណ៍។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារចុះថ្ងៃទី៣ ខែមីនា ដើម្បីរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្សារឡាក់គី លោកស្រី ហេង ភួងអ៊ាង រកទីតាំងថ្មី ដែលសមស្របសម្រាប់អាជីវកម្ម ដោយទុករយៈពេល មួយខែចាប់ពីថ្ងៃជូនដំណឹង។
លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជាក់នៅថ្ងៃទី៥ ខែមីនានេះថា ផ្សារទំនើបឡាក់គី បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអនុញ្ញាតច្បាប់ទីតាំង ដែលត្រូវចុះហត្ថលេខាពីអភិបាលខណ្ឌ។ ចំណុចនេះហើយដែលរដ្ឋបាលខណ្ឌក្នុងនាមជាអាជ្ញាធរដែនដីមិនចុះហត្ថលេខាបញ្ជូនទៅសាលារាជធានីភ្នំពេញ ដោយមូលហេតុ ទីតាំងស្នើសុំប្រកបអាជីវកម្មនេះ គឺពុំសមស្រប ព្រោះគ្មានចំណតសម្រាប់យានយន្ត នាំឱ្យមានបញ្ហាប្រឈមពាក់ព័ន្ធសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោក ឃ្លាំង ហួត បញ្ជាក់ថា៖ “ហេតុនេះហើយទើបរដ្ឋបាលខណ្ឌចេញសេចក្ដីជូនដំណឹងឱ្យគាត់រកទីតាំងថ្មីដែលសមស្របជាង។ ក្នុងន័យនេះ មិនមែនឱ្យគាត់រុះរើសំណង់នោះចេញវិញទេ ប៉ុន្តែអាចបំប្លែងទីតាំងនោះទៅជាការិយាល័យ ធ្វើអាជីវកម្ម ឬសេវាកម្មណាផ្សេងវិញ ដែលវាមិនធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ”។
បើតាមការបញ្ជាក់ពី លោក អភិបាលខណ្ឌ ទីតាំងផ្សារឡាក់គីនេះ មានលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែលិខិតអនុញ្ញាតសាងសង់មិនមែនជាលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេ ហើយ ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាត បើកទីតាំងប្រកបអាជីវកម្ម ដោយបំពេញបែបបទស្នើសុំដោយមានការចុះហត្ថលេខាពីចៅសង្កាត់ ចុះហត្ថលេខាអភិបាលខណ្ឌ និងចុងក្រោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សម្រេច និងចេញលិខិតអនុញ្ញាត៕
- Video Advertisement -