ចិនកំពុងសាងសង់នាវាទេសចរណ៍មិនប្រើសាំងធំជាងគេលើពិភពលោក ដែលនឹងដំណើរការចុងឆ្នាំនេះ

ក្រុមហ៊ុនចិន Wuxi Saisiyi Electric Technology បច្ចុប្បន្នកំពុងសាងសង់នាវាទេសចរណ៍ដើរដោយអាគុយមួយឈ្មោះថា Yangtze River Three Gorges 1 ដែលនឹងបំបែកឯកត្តកម្មនាវាដើរដោយអាគុយ និងមិនប្រើសាំងធំជាងគេលើពិភពលោកនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

យោងតាមគេហទំព័រ insideevs គម្រោងនេះត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំ ២០២០ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ កក្កដា ហើយនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ ២០២១។

ក្រៅពីទំហំ និងសមត្ថភាពដឹកអ្នកដំណើរដ៏មហិមា នាវាខ្នាតយក្សមួយនេះ នឹងបំពាក់ដោយអាគុយប្រភេទ LFP ជាង១ ម៉ឺនគ្រាប់ ដែលផ្ដល់ថាមពលសរុបប្រមាណ ៧.៥ មេហ្គាវ៉ាត់ ឬស្មើនឹងឡានដើរដោយប្រព័ន្ធអគ្គសនីដល់ទៅ ១០០គ្រឿង។

លើសពីនេះ អាគុយទាំងនេះ នឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាគុយល្បីរបស់ចិន Contemporary Amperex Technology ឬ CALT។ ហើយបើយោងតាមព័ត៌មានពីក្រុមហ៊ុន CALT វិធីសាស្រ្តរបៀបនេះនឹងផ្តល់ភាពងាយស្រួលច្រើន ពោលគឺបានទាំងតង់ស្យុងខ្ពស់ និងតង់ស្យុងទាប។

គួរបញ្ជាក់ផងដែរថា ក្រោយដាក់ឱ្យដំណើរការ នាវា Yangtze River Three Gorges 1 នេះ នឹងដណ្ដើមតំណែង នាវាដឹកអ្នកដំណើរប្រើអាគុយធំជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺនាវា Ellen ដែលមានថាមពល ៤.៣ មេហ្គាវ៉ាត់ នៅប្រទេសដាណឺម៉ាក។

រូបភាព៖ CALT

- Video Advertisement -