ចិនបង្កើតមណ្ឌលឌីជីថលខ្នាតយក្សតម្លៃ$១៥៦លាន សម្រាប់គ្រប់គ្រងការអភិវឌ្ឍប្រទេស
ប្រទេសចិនបានសាងសង់មជ្ឈមណ្ឌលកុំព្យូទ័រថ្មីមួយតម្លៃ ១៥៦លានដុល្លារ ក្នុងតំបន់ថ្មី Xiong’an នៃខេត្ត Hebei ដើម្បីដើរតួជាខួរក្បាលឌីជីថលរបស់ប្រទេស ។
មជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកនូវប្រព័ន្ធឌីជីថលភ្លោះ ឬ Digital Twin ពោលគឺគំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល។ គំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលនេះ គឺជាការចម្លងក្រុងពិតៗចូលទៅក្នុងប្រព័ន្ធកំព្យូទ័រ ហើយគ្រប់ការអភិវឌ្ឍក្រុងនឹងត្រូវធ្វើឡើងក្រោមការគ្រប់គ្រងដោយមានប្រសិទ្ធភាពពីប្រព័ន្ធវៃឆ្លាតនេះ។
GCR បានរាយការណ៍ថា បច្ចេកវិទ្យានេះ នឹងក្លាយជាគំរូថ្មីសម្រាប់ទីក្រុងនានាទូទាំងប្រទេសចិន ដោយបង្ហាញអំពីរបៀបកាត់បន្ថយបញ្ហាសង្គមដោយប្រើប្រព័ន្ធឌីជីថល ដូចជាការបំពុលបរិស្ថាន ការកកស្ទះចរាចរ កង្វះទឹក អំពើពុករលួយ និងអត្រាកំណើតទាបជាដើម។
បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមេសា មជ្ឈមណ្ឌលនេះមាន supercomputers មានផ្ទុកបណ្តាញទិន្នន័យដ៏ធំ ប្រព័ន្ធ blockchain ឧបករណ៍វៃឆ្លាត Internet of Things (IoT) និង AI ឬខួរក្បាលនិម្មិត ជាដើម ដើម្បីប្រើប្រាសគ្រប់គ្រងទីក្រុង។
ឧទាហរណ៍ បច្ចុប្បន្នទីក្រុងកំពុងសាកល្បងប្រព័ន្ធឡានក្រុងអគ្គិសនីស្វយ័តដោយឥតគិតថ្លៃ ខណៈសាលារៀន និងសម្ភារៈបរិក្ខារសម្រាប់កុមារ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូន ទិសដៅដើម្បីទប់ទល់នឹងការថយចុះចំនួនប្រជាជន។
ប្រព័ន្ធឌីជីថលនេះ ក៏ត្រូវបានប្រើប្រាស់នៅលើការដ្ឋានសំណង់ផងដែរ។ សំណង់មន្ទីរពេទ្យមានកាមេរ៉ា ដែលអាចពិនិត្យមើលថាកម្មករបានពាក់ខ្សែក្រវាត់សុវត្ថិភាពឬទេ ខណៈចំណូលចំណាយក៏ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធឌីជីថលនេះផងដែរ ដើម្បីការបន្ថយការពុករលួយ។
គួរបញ្ជាក់ថា តំបន់ Xiong’an ស្ថិតនៅចម្ងាយប្រហែល 100km ភាគខាងត្បូងទីក្រុងប៉េកាំង។ តំបន់នេះនឹងក្លាយមជ្ឈមណ្ឌលឌីជីផលថ្មីរបស់ប្រទេសចិន។ ចាប់ពីឆ្នាំ 2017 ដល់ឆ្នាំមុន ចិនចំណាយទឹកប្រាក់ជាង 57ពាន់លានដុល្លារ ដើម្បីសាងសង់អគារចំនួន 3,600 ផ្លូវឌីជីថល 200 គីឡូម៉ែត្រ ផ្លូវរថភ្លើងល្បឿនលឿន និងស្ថានីយ 5G ចំនួន 3,536កន្លែង ក្នុងទីក្រុងនេះ ។គោលបំណងគឺដើម្បីទាក់ទាញប្រជាជនចំនួន 3លាននាក់ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។
- Video Advertisement -