តើបារាំងប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់គម្រោងផ្លូវទឹកខ្នាតយក្ស Canal Seine-Nord ?
ក្រុមហ៊ុនបារាំង Egis ថ្មីៗនេះបានទទួលពានរង្វាន់ពីកម្មវិធី Bentley Year in Infrastructure (YII) សម្រាប់ការងារលើគម្រោងព្រែកជីក Canal Seine-Nord Europe ដែលជាគម្រោងខ្នាតយក្សដែលនឹងជំរុញប្រសិទ្ធភាពប្រព័ន្ធឡូជីស្ទីកនៅអឺរ៉ុបឱ្យកាន់ប្រសើរឡើង។
តាមរយៈការប្រើប្រាស់ “បច្ចេកវិទ្យាឌីជីថល” ក្រុមហ៊ុន Egis មិនត្រឹមតែសង់ហេដ្ឋារចនាសមព័ន្ធផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្ហាញថាកម្មវិធីឌីជីថលនឹងក្លាយជាអនាគតនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជុំវិញពិភពលោក។
សម្រាប់គម្រោងនេះ ក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសំខាន់ៗរបស់ក្រុមហ៊ុន Bentley មួយចំនួនដូចជា៖
កម្មវិធី ProjectWise
កម្មវិធី ProjectWise ដើរតួយ៉ាងសំខាន់ក្នុងគម្រោងនេះ ដែលធ្វើឱ្យគ្រប់កាងារនៃគ្រប់ភាគីពាក់ព័ន្ធគម្រោងស្ថិតក្នុងប្រព័ន្ធ Cloud តែមួយ។
គម្រោងនេះមានអ្នកពាក់ព័ន្ធសំខាន់ៗច្រើនជាង ៣០០ នាក់ និងមានទិន្នន័យទំហំ ១.២ Terabytes ដូច្នេះការប្រើប្រាស់អ៊ីមែលដើម្បីទាក់ទងគ្នាគឺមិនគ្រប់គ្រាន់នោះទេ ហើយបង្កើតការយល់ច្រលំជាច្រើនផង។ ដូច្នេះក្រុមហ៊ុនសម្រេចងាកមកប្រើ ProjectWise។
វិធីសាស្ត្រនេះបានលុបបំបាត់ “ភាពដាច់ដោយឡែកនៃព័ត៌មាន” ដោយធានាថាវិស្វករ និងអ្នកពាក់ព័ន្ធគ្រប់រូបធ្វើការលើឯកសារដែលចុងក្រោមបំផុតដូចគ្នា។ វាបានបង្កើនផលិតភាពទូទៅរហូតដល់ ៤០% និងកាត់បន្ថយពេលវេលារហូតដល់ ៦០% ក្នុងការបង្កើតគំរូសហព័ន្ធ (Federated Models) ដ៏ស្មុគស្មាញ។
កម្មវិធី MicroStation & OpenRoads
ដើម្បីគ្រប់គ្រងតួលេខ និងទិន្នន័យធរណីមាត្រដ៏ស្មុគស្មាញនៃទ្វារទឹកខ្នាតយក្សចំនួន ៧ និងការតភ្ជាប់ផ្លូវថ្នល់/ផ្លូវរថភ្លើងចំនួន ៦២ ខ្សែ ក្រុមហ៊ុន Egis បានប្រើប្រាស់ MicroStation និង OpenRoads។
ឧបករណ៍ទាំងនេះបានជួយឱ្យមាន “វិស្វកម្មស្របគ្នា” (Parallel Engineering)។ ជំនួសឱ្យការរង់ចាំនាយកដ្ឋានមួយបញ្ចប់ការងារ ក្រុមការងារផ្នែកធារាសាស្ត្រ ភូមិសាស្ត្របច្ចេកទេស និងផ្នែកផ្លូវថ្នល់ អាចធ្វើការក្នុងពេលតែមួយនៅក្នុងគំរូ 3D BIM តែមួយ។
លើសពីនេះ ប្រព័ន្ធត្រួតពិនិត្យការជាន់គ្នាដោយស្វ័យប្រវត្តិ (Automated clash detection) ក៏បានជួយរកឃើញបញ្ហាដែលមិនស៊ីសង្វាក់គ្នានៃការរចនានៅក្នុងពិភពនិម្មិតផងដែរ។ ចំណុចនេះគឺចំណេញទាំងពេលវេលា និងថវិកា ដោយក្រុមការងារអាចដោះស្រាយបញ្ហាបានមុនពេលដែលគម្រោងក្លាយជាសំណង់ ដែលពិបាកក្នុងការកែ។
កម្មវិធី Bentley LumenRT
គម្រោងហេដ្ឋារចនាសម្ព័ន្ធជារឿយៗតែងតែជួបប្រទះការជំទាស់ពីមូលដ្ឋាន ប៉ុន្តែ Egis បានប្រើប្រាស់ LumenRT ដើម្បីផ្សារភ្ជាប់គម្លាតទំនាក់ទំនង។ កម្មវិធីនេះបានបំប្លែងទិន្នន័យបច្ចេកទេស CAD ទៅជារូបភាពមានចលនាដែលមើលទៅដូចពិតៗ។ វាបានបន្ថែម “ធម្មជាតិឌីជីថល” ដូចជា ទឹកហូរ ដើមឈើយោលតាមខ្យល់ និងពន្លឺជាក់ស្តែងទៅក្នុងគំរូរចនា។
អ្នកពាក់ព័ន្ធអាច “ដើរកម្សាន្ត ឬស្រមៃថាខ្លួនឯងស្ថិត” ក្នុងគម្រោងតាមរយៈប្រព័ន្ធនិម្មិតបាន ដើម្បីមើលឱ្យច្បាស់ថា តើព្រែកជីកនេះនឹងមានភាពស៊ីចង្វាក់គ្នាយ៉ាងណាជាមួយនឹងតំបន់អភិវឌ្ឍន៍បរិស្ថានទំហំ ១ ២០០ ហិកតា។ តម្លាភាពនេះគឺជាគន្លឹះក្នុងការទទួលបានការអនុម័តសម្រាប់តំបន់ដែលងាយរងគ្រោះ ដូចជាស្ពានទឹកឆ្លងកាត់ទន្លេ Somme ជាដើម។
បន្ទាប់ពីការបញ្ចប់នៅឆ្នាំ ២០៣០ ព្រែកជីកនេះត្រូវបានរំពឹងថានឹង កាត់បន្ថយរថយន្តដឹកទំនិញធុនធ្ងន់បាន ១ លានគ្រឿង ពីផ្លូវថ្នល់បារាំងជារៀងរាល់ឆ្នាំ និងសន្សំសំចៃការភាយឧស្ម័ន CO₂ បាន ៥០ លានតោន ក្នុងរយៈពេល ៤០ ឆ្នាំដំបូងនៃប្រតិបត្តិការ។
លើសពីនេះ វាក៏នឹងបង្កើនសមត្ថភាពដឹកជញ្ជូន ដោយអនុញ្ញាតឱ្យទូកចម្លងតែមួយអាចដឹកទំនិញបានស្មើនឹង រថយន្តដឹកទំនិញ ២២០ គ្រឿង។
- Video Advertisement -