តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?
ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់បានហក់ឡើងយ៉ាងគំហុក ក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់ Águas do Norte បានដោះស្រាយបញ្ហាកង្វះខាតទឹក និងបញ្ហាប្រព័ន្ធទឹករអាល់រអួលបានដោយជោគជ័យដោយប្រើប្រាស់កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ តើកម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងណា ហើយវាធ្វើការយ៉ាងដូចម្ដេច?
តាមរយៈការបម្រើសេវាកម្មដល់ប្រជាជនជិត ២ លាននាក់ ក្នុងក្រុងចំនួន ៦៣ ក្រុមហ៊ុនធ្លាប់បានជួបប្រទះនូវវិបត្តិដដែលៗ ដែលកម្តៅខ្លាំងបានបណ្តាលឱ្យអាងស្តុកទឹកធ្លាក់ចុះដល់កម្រិតទាបបំផុត ថ្លៃដើមនៃការបូមទឹកហក់ឡើងខ្ពស់ និងការធ្លាក់ចុះសម្ពាធទឹក ដែលបង្កបញ្ហាដល់ការផ្តល់សេវាទាំងនៅក្នុងទីក្រុងធំៗ និងភូមិដាច់ស្រយាលតាមជនបទ។

ដើម្បីធ្វើឱ្យបណ្តាញទឹកមានស្ថេរភាព Águas do Norte បានសហការជាមួយក្រុមហ៊ុនវិស្វកម្ម H2OPT ដើម្បីអនុវត្តយុទ្ធសាស្ត្របង្កើតគំរូឌីជីថលដ៏ទំនើប ដែលដំណើរការដោយកម្មវិធីរបស់ Bentley។
ភារកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះមានវិសាលភាពធំធេងណាស់ ដែលគ្របដណ្តប់លើការប្រព្រឹត្តិកម្មទឹកស្អាត និងការបញ្ជូនទឹកតាមរយៈបំពង់ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។ បណ្តាញនេះបង្ហាញពីបញ្ហាប្រឈមចម្រុះជាច្រើន ចាប់ពីតំបន់កណ្តាលក្រុងដែលមានតម្រូវការខ្ពស់ រហូតដល់តំបន់ជនបទដែលមានភ្ញៀវទេសចរច្រើន ដែលមានការកើនឡើងតម្រូវការទឹកយ៉ាងខ្លាំងតាមរដូវកាល។
តាមរយៈការប្រើប្រាស់ OpenFlows Water ក្រុមការងាររួមគ្នាបានបង្កើតគំរូនៃប្រព័ន្ធរងជាង ២៥ ដើម្បីទទួលបានទិដ្ឋភាពលម្អិតអំពីដំណើរការនៃបណ្តាញទឹក។

កម្មវិធីនេះអាចផ្ដល់ទិន្នន័យបានភ្លាមៗជាក់ស្តែងឬ ហៅថា real-time data ដែលជួយឱ្យវិស្វករធ្វើការសាកល្បងនូវស្ថានភាពសេណារីយ៉ូនានាតាមរដូវកាល និងព្យាករណ៍ពីរបៀបដែលប្រព័ន្ធអាចទ្រាំទ្របានក្នុងអំឡុងពេលមានអាកាសធាតុក្ដោខ្លាំង ព្រមទាំងកំណត់អត្តសញ្ញាណចំណុចស្ទះនៃចរន្តទឹកដែលពីមុនមិនអាចមើលឃើញ។
លើសពីនេះ ការរួមបញ្ចូលទិន្នន័យ SCADA ក៏ជាការបើកផ្លូវសម្រាប់ការត្រួតពិនិត្យស្ថានភាពឧបករណ៍ និងវ៉ុលអគ្គិសនីក្នុងពេលជាក់ស្តែងនាពេលអនាគត។
ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធរបស់ Bentley បានផ្តល់ផលចំណេញជាច្រើន។ តាមរយៈការប្រើប្រាស់កម្មវិធីដើម្បីកំណត់ការកែលម្អប្រព័ន្ធទឹកជាក់លាក់ចំនួន ២២៥ ចំណុច ក្រុមហ៊ុនបានសម្រេចចេញផែនការវិនិយោគអាទិភាពខ្ពស់ ដែលមានតម្លៃសរុបជាង ៤ លានអឺរ៉ូ។
លើសពីនេះ លទ្ធផលសំខាន់ៗដែលសម្រេចបានរហូតមកដល់ពេលនេះ រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃស្ថានីយបូមទឹកសរុបចំនួន ៤៥% ដែលជួយឱ្យសន្សំសំចៃថ្លៃដើមថាមពលបានចំនួន ១៧៦.០០០ អឺរ៉ូ។

គួរបញ្ជាក់ផងដែរការ ការវិវត្តន៍ផ្នែកឌីជីថលនេះ កំពុងជួយឱ្យម្ចាស់គម្រោងអាចធ្វើការសាកល្បងសេណារីយ៉ូ “ចុះបើ” (what-if) ភ្លាមៗ ដូចជាផលប៉ះពាល់នៃគ្រោះរាំងស្ងួតអូសបន្លាយ ឬការប្រែប្រួលតម្លៃថាមពលភ្លាមៗ មុនពេលដែលវាកើតឡើងនៅក្នុងពិភពពិត ដែលវារឿងមួយដែលសំខាន់បំផុត។
ខណៈពេលដែលការប្រែប្រួលអាកាសធាតុបន្តដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរទៅប្រើប្រព័ន្ធគ្រប់គ្រងបែបព្យាករណ៍ដែលគាំទ្រដោយ Bentley គឺជម្រើសមួយដែលល្អបំផុត។
- Video Advertisement -