ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លានដុល្លារ ពីផ្សារហ៊ុនកម្ពុជា
អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ទៀត បានចុះបញ្ជីជាមូលបត្របំណុល និងបានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណ ៤៧៥លានដុល្លារ។
ឯកឧត្តម ហុង សុហួរ មានប្រសាសន៍ថា៖ “យើងក៏រំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ខាងមុខនេះ ផងដែរ”។
បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណជា ១៣ម៉ឺនដុល្លារ ដោយមានការចូលរួមពីវិនិយោគិនតូចៗជាច្រើន។
បើយោងតាមនិយ័តករមូលបត្រកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំជោគជ័យដែលមានក្រុមហ៊ុនយ៉ាងតិច ៦ទៀត នឹងត្រៀមខ្លួនចុះបញ្ជីលក់មូលបត្រ។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានផ្សារមូលបត្រកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍទីផ្សារមូលធនតាមរយៈការច្នៃប្រឌិតហិរញ្ញវត្ថុ និងផលិតផលវិនិយោគថ្មីៗ។
ឯកឧត្តមបានកត់សម្គាល់ថា៖ «ផ្សារមូលបត្រកម្ពុជា មិនគ្រាន់តែជាប្រភពហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ វាក៏ផ្តល់ឱកាសចំណូលអកម្មយ៉ាងសំខាន់សម្រាប់អ្នកវិនិយោគផងដែរ»។
ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីតួនាទីនៃមូលបត្របំណុលក្នុងការជួយដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចីពីបរទេស និងការបង្កើនជម្រើសហិរញ្ញប្បទានរបស់រដ្ឋាភិបាលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍រយៈពេលវែងផងដែរ។
គន្លងជាវិជ្ជមាននៅក្នុងទីផ្សារមូលបត្រនេះ កំពុងបង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនដូចគ្នានៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់កម្ពុជា។
- Video Advertisement -