បច្ចេកវិទ្យាសហសម័យប្រើគតិបណ្ឌិតបុរាណ៖ កប៉ាល់យក្ស Pyxis Ocean ប្រើក្តោងដឹកទំនិញពីចិនទៅប្រេស៊ីល បដិវត្តន៍នាវាចរណ៍ពិភពលោក

ខណៈដែលបច្ចេកវិទ្យាសម័យទំនើបរបស់សាកលលោកកំពុងឈានដល់សម័យបញ្ញាសិប្បនិម្មិត និងបានវិវឌ្ឍរហូតដល់ភពព្រះអង្គារទៅហើយ សង្គមមនុស្សហាក់នៅមិនអាចរំលងចោលបាននូវគតិបណ្ឌិតបច្ចេកវិទ្យាបុរាណនៅឡើយ។ ជាក់ស្តែង កប៉ាល់យក្សដឹកទំនិញនាំមុខគេឈ្មោះ Pyxis Ocean កំពុងរៀបចំចេញដំណើរលើការធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីល ហើយអ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺកប៉ាល់ដ៏ធំនេះបើកក្តោង និងប្រើប្រាស់ថាមពលខ្យល់ដើម្បីធ្វើដំណើរ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន Jalopnik News កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

សម្រាប់ការសាកល្បងលើកដំបូងកប៉ាល់ Pyxis Ocean ចាប់ផ្តើមគោចរចេញពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីលនៅក្នុងខែសីហាកន្លងទៅនេះហើយ។ ដំណើរគោចរនេះ មានអត្ថន័យជ្រាលជ្រៅសម្រាប់ទាំងអ្នកអភិវឌ្ឍបច្ចេកវិទ្យាទាំងអ្នកបរិស្ថាន ព្រោះវាមិនត្រឹមតែជាការដឹកជញ្ជូនទំនិញធម្មតាប៉ុណ្ណោះទេ តែជានិម្មិតរូបនៃការរួបរួមគ្នារវាងគតិបណ្ឌិតចេះប្រើខ្យល់ពីបុរាណ និងបច្ចេកសម័យទំនើបនាពេលអនាគត ក្នុងគោលបំណងដំណើរស្វែងរកនិរន្តរភាពសម្រាប់ពិភពលោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានគតិបណ្ឌិតសមុទ្របុរាណភ្ជាប់ជាមួយបច្ចេកវិទ្យាសហសម័យនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់តាមរយៈការសហការគ្នារវាងប្រពៃណីនាវាចរណ៍ និងភាពវៃឆ្លាតផ្នែកវិស្វកម្មទំនើប។ Pyxis Ocean ដែលជាកប៉ាល់ដឹកទំនិញប្រវែង ២២៩ ម៉ែត្រ បានក្លាយពស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពអាចទៅរួចសម្រាប់ការពិសោធន៍បដិវត្តន៍បច្ចេកវិទ្យានេះ។ កប៉ាល់នេះត្រូវបានបំពាក់ដោយក្ដោងខ្ពស់ពីរ ដែលក្រោងនីមួយៗមានកម្ពស់ ៣៧, ៤៩​ ម៉ែត្រ ដែលជាស្នាដៃដែលសម្រេចបានតាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនវិស្វកម្មអង់គ្លេស BAR Technologies។

លក្ខណៈពិសេសរបស់ក្តោងកប៉ាល់នេះ គឺការឌីសាញក្តោងដោយបំពាក់ជាមួយម៉ាស៊ីនទួរប៊ីន ដែលត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ដើម្បីទប់ទល់នឹងខ្យល់បក់បោកខ្លាំងនៅពេលកប៉ាល់ចូលទៅដល់កណ្តាលមហាសមុទ្រ។ មិនតែប៉ុណ្ណោះ ក្តោងទាំងពីរ ប្រើបច្ចេកវិទ្យាដែលអាចបត់ក្តោបវិញបានយ៉ាងងាយ នៅពេលកប៉ាល់មកដល់កំពង់ផែ។ នៅពេលបើកពេញ ក្តោងកប៉ាល់នេះ អាចប្រើថាមពលខ្យល់ដើម្បីជំរុញល្បឿនកប៉ាល់ឱ្យរត់បានលឿន ពោលគឺថាមពលរបស់ក្តោងមួយ ស្មើនឹងការសន្សំសំចៃថាមពលប្រេងឥន្ធនៈធុនធ្ងន់មួយតោនកន្លះក្នុងមួយថ្ងៃ។ ដូច្នេះ​សម្រាប់កប៉ាល់ Pyxis Ocean ប្រើក្ដោងពីរ ដែលមានសមត្ថភាពរត់បានលឿន ហើយអាចសន្សំប្រេងរហូតដល់បីតោនក្នុងមួយថ្ងៃ។

បេសកកម្មរបស់កប៉ាល់នេះ ត្រូវបានគេប្រសិទ្ធនាមថាជា “ទូកនៃអនាគត”។ ទូកនៃអនាគត ដោយសារតែរបកគំហើញនេះ បម្រើជាការសាកល្បងដំបូងសម្រាប់ការត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាថ្មីដែលគេហៅថា “ស្លាបខ្យល់” WindWings ដែលបច្ចេកវិទ្យានេះ គឺជាក្តីសង្ឃឹមនៃការផ្លាស់ប្តូរគន្លងនៃការដឹកជញ្ជូនទំនិញអន្តរជាតិ ពីការប្រើប្រាស់ប្រេងឥន្ធនៈមកប្រើថាមពលខ្យល់វិញ។

របកគំហើញស្លាបខ្យល់ WindWings បង្ហាញពីការផ្លាស់ប្តូរគំរូសក្តានុពលនៅក្នុងឧស្សាហកម្មដែនសមុទ្រ។ ដោយការប្រើបញ្ចូលគ្នានូវកម្លាំងខ្យល់ជាមួយនឹងវិស្វកម្មដ៏ទំនើប គេប៉ាន់ប្រមាណថា ដាននៃការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ អាចនឹងកាត់បន្ថយបានប្រហែល ៣០%។

ចម្ងាយពីប្រទេសចិន ទៅប្រេស៊ីលកប៉ាល់ Pyxis Ocean ត្រូវការរយៈពេលត្រឹមតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការធ្វើដំណើរដែលពឹងផ្អែកលើឥន្ធនៈធម្មតាអាចទាមទារចន្លោះពី ២០ ទៅ ៤០ ថ្ងៃ។ តួលេខនេះ បង្ហាញពីភាពខុសគ្នាឆ្ងាយ និងផលចំណេញច្រើនបើពិភពលោកងាកមកប្រើបច្ចេកវិទ្យាថ្មីនេះ ជាពិសេសក្នុងន័យប្រសិទ្ធភាពថាមពល ។

ដោយមើលឃើញការផ្លាស់ប្តូរនេះ លោក John Cooper ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យនៃក្រុមហ៊ុន BAR Technologies ចែករំលែកសុទិដ្ឋិនិយមរបស់គាត់ចំពោះការរីកសាយភាយសក្តានុពលរបស់កប៉ាល់ក្តោងចំពោះអនាគតនៃនាវាចរណ៍ក្នុងពិភពលោកថា “ប្រសិនបើការធ្វើតេស្តសាកល្បងនេះជោគជ័យ ពីឆ្នាំ ២០២៥ទៅ យ៉ាងហោចណាស់ ក៏ ៥០%នៃកប៉ាល់ដែលទើបសាងសង់ថ្មីក្នុងលោកទាំងអស់ អាចត្រូវបានគេបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ៕”

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]