ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជារំលេចគម្រោងផ្លូវល្បឿនលឿនថ្មី៣ខ្សែ និងផ្លូវដែកល្បឿនលឿនថ្មី៤ខ្សែ

ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម)

សម្រាប់គម្រោងអភិវឌ្ឍផ្លូវ ផែនការមេនេះក៏បានរំលេចផងដែរនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន០៣ខ្សែបន្ថែមទៀតក្នុងនោះមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តកែប ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្ទឹងត្រែង និងផ្លូវល្បឿនលឿនភ្ជាប់ពីរតនគិរីទៅកោះកុងវាងតាមភាគខាងជើងនិងភាគពាយព្យប្រទេស សម្រាប់ឆ្នាំ ២០៥០។ ដោយឡែកសម្រាប់គម្រោងផ្លូវដែកថ្មី ត្រឹមឆ្នាំ ២០៣០ កម្ពុជាគ្រោងសាងសង់ផ្លូវដែកថ្មីភ្ជាប់ទៅវៀតណាមពីភ្នំពេញកាត់តាមខេត្តព្រៃវែងនិងស្វាយរៀង។ សម្រាប់ឆ្នាំ ២០៥០ កម្ពុជាមានមហិច្ឆតាសាងសង់ផ្លូវដែកថ្មី០៣ខ្សែបន្ថែមទៀត ក្នុងនោះមាន (១) ផ្លូវដែកភ្ជាប់ទៅវៀតណាមពីខេត្តកំពង់ចាម (២) ផ្លូវដែកថ្មីពីកំពង់ចាមទៅឡាវកាត់តាមក្រចេះនិងស្ទឹងត្រែង និង(៣)​ ផ្លូវដែកប្រភេទល្បឿនលឿនថ្មីពីកំពង់ចាមទៅថៃកាត់តាមបន្ទាយមានជ័យ ដែលផ្លូវដែកថ្មីទាំងបីខ្សែនេះចេញពីចំណុចរួមនៅភ្នំពេញ។

ចំណុចស្នូលនៃគម្រោងទាំងអស់ដែលបានកំណត់ក្នុងផែនការមេនេះ គឺការតភ្ជាប់ពីមធ្យោបាយប្រព័ន្ធដឹកជញ្ជូន (ផ្លូវ) មួយទៅកាន់ប្រព័ន្ធដឹកជញ្ជូនមួយទៀត និងទៅកាន់មណ្ឌលពស្តុភារ (ទីក្រុង ទីតាំងស្តុក មជ្ឈមណ្ឌលសេវានិងទំនិញ) ដែលក្នុងចំណោម គម្រោងទាំង ១៧៤ នោះ មានបែងចែកជា ០២ ដំណាក់កាល គឺគម្រោងសម្រាប់រយៈពេលខ្លីនិងមធ្យមចំនួន ៩០ និងគម្រោងសម្រាប់រយៈពេលវែងចំនួន ៩១។

ប្រភពដដែលបានកំណត់ច្បាស់ថា ជាជំហានដំបូង សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម ពោលគឺចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ កម្ពុជាតម្រូវការទុនវិនិយោគសរុបចំនួន $១៩.៩២៦ លានដុល្លារ ឬ ៣.៩៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលរំពឹងថានឹងទទួលបានពីប្រភពហិរញ្ញប្បទានចំនួន ០៣ ប្រភព។ ទី១ គឺ យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈពីថវិកាជាតិ និងទី២គឺយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈពីក្រៅប្រទេស និងទី៣ គឺយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈតាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ផែនការមេដែលត្រូវបានគេរំពឹងថាជាឯកសារសំខាន់កំណត់ទិសដៅអភិវឌ្ឍន៍និងមុខមាត់ថ្មីសម្រាប់កម្ពុជា សង្កត់ធ្ងន់លើវិធីសាស្រ្តប្រកបដោយតម្លាភាព ដោយមានបទប្បញ្ញត្តិជាក់លាក់ដែលបានគូសបញ្ជាក់សម្រាប់ប្រភពមូលនិធិនីមួយៗ ដើម្បីធានានូវសុចរិតភាព គណនេយ្យភាពក្នុងដំណើរការអនុវត្ត និងយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យ។

បញ្ហាប្រឈមនិងហានិភ័យដែលអាចកើតមានឡើង មានដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនឹងអស្សាមិករណ៍និងការផ្ទេរដី ការប្រែប្រួលលក្ខខណ្ឌហិរញ្ញវត្ថុ ការប៉ាន់ប្រមាណចំណាយអាចនឹងទាបជាងតម្លៃវិនិយោគជាក់ស្តែង ការផ្លាស់ប្តូរតម្លៃសម្ភារៈនិងទំនិញពស្តុភារ ផលប៉ះពាល់នៃធនធានធម្មជាតិ វិបត្តិហិរញ្ញវត្ថុនិងការប្រែប្រួលអាកាសធាតុ និងលក្ខខណ្ឌធនធានមនុស្សមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដែលទាមទារវិធានការដោះស្រាយនិងបញ្ចៀសហានិភ័យ តាមរយៈវិធីសាស្រ្តត្រួតពិនិត្យ និងតាមដានក្រោមក្របខណ្ឌក្រុមប្រឹក្សាជាតិពស្តុភារកម្ម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]