ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សម្រេចបាន៥០ភាគរយ
ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានឈានមកសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈ។
ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា “កិច្ចដំណើរការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានឈានចូលដល់ដំណាក់កាលនៃការពិនិត្យ និងផ្ដល់អនុសាសន៍ក្នុងកម្រិតបច្ចេកទេស លើសេចក្តីព្រាងរបាយការណ៍ផែនការមេ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ លើកចុងក្រោយហើយ”។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋបាលខេត្ត និង វិទ្យាស្ថាន UPDIS, វិទ្យាស្ថាន CDI និងក្រុមហ៊ុន C&W បានរៀបចំកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ លើសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តមអភិបាលរង គូសបញ្ជាក់ថា នៅសល់ដំណាក់កាលធំៗចំនួន៣ទៀត រហូតដល់ការអនុម័តជាផ្លូវការ។ គណៈកម្មាធិការអន្តរក្រសួង នឹងឈានទៅកាន់កិច្ចប្រជុំជាថ្មី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលនឹងបន្តពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ (12 Thematic Reports) បន្ថែមទៀត។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានសម្រេចការរៀបចំគម្រោងសាងសង់ផ្លូវថ្មីចំនួន៣៤ខ្សែ ហើយ និងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះអន្តរជាតិ ជាពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃជាង ២ពាន់លានដុល្លារ បាននឹងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់ឆ្នេរមួយនេះ។ ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហាអគារជាប់គាំង ដោយបានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ។ លើសពីនេះ ខេត្តក៏ត្រូវបានជ្រើសរើសចំណុចកណ្តាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” នាពេលអនាគតផងដែរ។ (អានបន្ថែម)
សេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨” ត្រូវបានអនុម័តទាំងស្រុង កាលពីនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)
- Video Advertisement -