ផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា​រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។

លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ  ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។

ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ, ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ,និងខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។ ជារួមផ្លូវនេះ មានផ្លូវប្តូរទិសសរុបចំនួន ១០កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត ២កន្លែង។

អ្នកនាំពាក្យរូបនេះក៏បានអះអាងបន្ថែមថា គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី១ គិតចាប់ពី រាជធានីភ្នំពេញ ដល់ សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២.៥០០លានដុល្លារ និងជំហានទី២ ចាប់ពីសៀមរាប ដល់ ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១.៧០០លានដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុននេះ មានបទពិសោធន៍សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។

ផ្លូវ​ល្បឿន​លឿនខ្សែទី៣​នេះ​នឹង​មាន​តួ​ផ្លូវ​ចែក​ជា​បួន​គន្លង ដោយ​ក្រាល​បេតុង (AC) អនុញ្ញាត​ឲ្យ​មាន​ល្បឿន​ពី ១០០ ទៅ ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្រោយបញ្ចប់គម្រោងនេះនឹងធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវការដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]