ផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ចប់ ១០០%ហើយ
ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។
នេះបើតាមគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ដែលចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល១០០% និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង កាលពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងទាំង ០៣ នេះ ត្រូវបានអនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលរួមមាន៖
- គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស ចំនួន ០១ខ្សែ ប្រវែង ៧.៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់បង្គោលលេខ ៦០/១៥ (១) ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
- គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៧.០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបី ចំនួន ១០កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង និងលូមូលមុខមួយចំនួន ០៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ( កម្ពុជា-ឡាវ ) ច្រកដុងក្រឡ ខេត្តស្ទឹងត្រែង ។
- គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ០១ខ្សែ មានពីរកំណាត់ ប្រវែងសរុប ១៣. ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ( កំណាត់ទី១ ) ស្លាបស្តាំ ប្រវែង ៥ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ នៃភូមិឆករកា ឃុំសំឡូតឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន និង(កំណាត់ទី២ ) ស្លាបឆ្វេង ប្រវែង ៧ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ ៨៣ ឃុំតាតោក ឆ្ពោះទៅច្រក ចរិយា និង ច្រកទីងមោង ស្រុកសំឡូត ខេត្តបាត់ដំបង និងផ្លាកឈ្មោះផ្លូវ ចំនួន ០៣កន្លែង។
គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកគម្រោងទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ភាគីទទួលការ។
- Video Advertisement -