ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាអន្តរជាតិប្រកាសថា៖ ចង់បង្កើតមន្ទីរពិសោធន៍១នៅកម្ពុជា
លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS ម្ចាស់ពានរង្វាន់ ណូបែលរូបវិទ្យាអន្តរជាតិម្នាក់បានប្រកាសពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតមន្ទីរពិសោធន៍មួយនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ពង្រីកសមត្ថភាពរូបវិទ្យាបន្ថែមទៀត។ លោកលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Sir Konstantin បានលើកឡើងថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកមានគម្រោង នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។សម្តេចតេជោ ក៏បានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។
គួរបញ្ជាក់ថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលរំពឹងថា តាមរយៈគម្រោងបង្កើតមន្ទីពិសោធន៍នៅកម្ពុជា គឺជាក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឱ្យកាន់តែមានភាពរីកចម្រើន។
កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីការកើនឡើងនៃការទទួលស្គាល់យុវជនកម្ពុជាថាជាកម្លាំងដ៏មានសក្តានុពលក្នុងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយកំណត់ដំណាក់កាលសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍វិទ្យាសាស្ត្ររបស់ប្រទេសជាតិ៕
- Video Advertisement -