រដ្ឋចេញប្រកាសថ្មីគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មអចលនវត្ថុគឺសំដៅដល់សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។
រាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។
ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា ០៣ប្រភេទ ដូចខាងក្រោម៖
- អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់គ្រងអចលនវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។
- អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូន អតិថិជន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។
- អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ។
ដោយឡែក វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវផ្តល់ជូនរូបវ័ន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលចែកចេញជា ០២ប្រភេទរួមមាន៖
- វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវឡិឱ្យគ្រប់គ្រាន់តាមលក្ខខណ្ឌដែល មានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ
- វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវុឡិគ្រប់គ្រាន់តាម លក្ខខណ្ឌដែលមានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញភ្នាក់ងារអចលនវត្ថុ។
រាល់ការប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ត្រូវទទួលពិន័យពី ៥លានរៀល ទៅ ១០លានរៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។
គួរបញ្ជាក់ថា ប្រកាសថ្មីនេះ បាននិរាករណ៍ប្រកាសលេខ៦៣៦ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ (អានបន្ថែម)
ដូចនេះ ម្ចាស់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ត្រូវគោរពតាមបទប្បញ្ញត្តិថ្មីដែលមានចែងពីលក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗដូចមានចែងក្នុងប្រកាសថ្មីនេះ។
- Video Advertisement -