រដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។
វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិបាល ៣ គម្រោង វិស័យអប់រំ ២ គម្រោង វិស័យកសិកម្ម ៣គម្រោង និងវិស័យអាទិភាពផ្សេងទៀត ៦ គម្រោង។
បើពិនិត្យដោយឡែកទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គម្រោងទាំង ៧ នោះរួមមាន៖
១) គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ
២) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)។ គម្រោងនេះ នឹងចាប់ផ្តើមការដ្ឋានសាងសាង់ឆាប់នេះៗ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ (អានបន្ថែម)
៣) រៀបបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជំហានទី២។ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងនេះ សម្រេចបានប្រមាណ ២១,០៥% ហើយ ។ (អានបន្ថែម)
៤) គម្រោងពង្រីកផ្លូវជាតិលេខ៥ កំណាត់ពោធិ៍សាត់-បាត់ដំបង- សិរីសោភ័ណ កញ្ចប់ឥណទានដំណាក់កាលទី៣)។ ជាក់ស្ដែង គម្រោងស្ដារផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ បច្ចុប្បន្នសាងសង់រួចរាល់១០០% ខណៈ ៣ កំណាត់ទៀតគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ (អានបន្ថែម)
៥) គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព
៦) គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-អរិយក្សត្រ។ បច្ចុប្បន្ន ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំង ប៉ុន្តែការសិក្សានឹងបញ្ចប់នៅពេលណា ឬស្ពាននឹងចាប់ផ្ដើមសាងសង់នៅឆ្នាំណា ក្រសួងនៅតែមិនទាន់បញ្ជាក់បាននៅឡើយទេ។(អានបន្ថែម)
៧) គម្រោងលើកកម្ពស់សមត្ថភាពបន្សាំនៅជនបទ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវការកញ្ចប់ថវិកាប្រមាណ ៩២០១ លានដុល្លារអាមេរិក ដើម្បី អនុវត្ត គម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ (អានបន្ថែម)
*គិតត្រឹមថ្ងៃទី ២២ តុលា ១៦០០ លានSDR ស្មើនឹងប្រមាណ ២២០០ លានដុល្លារអាមេរិក (អត្រាប្ដូរគឺខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ)
- Video Advertisement -