រដ្ឋនឹងអនុម័តបន្ទាន់គម្រោងធំៗ ៩ តាមផែនការមេអភិវឌ្ឍក្រុងភ្នំពេញឆ្នាំ ២០៣៥

តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ មកស្វែកយល់ទាំងអស់គ្នាថាមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ ២០១៥ ដែលចេញផែនការមេ មកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្ត។

១) ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា

ផែនការនេះត្រូវបានអនុវត្តខ្លះៗហើយ ជាក់ស្ដែងដូចជា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលកំពុងត្រៀមរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ច្បាប់ថ្មីនេះគឺដើម្បីជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយ។ (អានបន្ថែម)

លើសពីនេះ ក្រសួងក៏កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុតផងដែរ។ (អានបន្ថែម)

២) ការអនុម័តកំណត់ទីតាំងស្ថានីយរថភ្លើងសម្រាប់ទំនិញ និងទីតាំងផែស្ងួតធំ នៅសំរោង ខណ្ឌពោធិ៍សែនជ័យ
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ បើយោងតាមប្រភពព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ទទួលបានត្រឹមថ្ងៃទី ៩ កក្កដា ២០២១។

៣) ការអនុម័តជាគោលការណ៍នូវគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ
តាមផែនការនៃគម្រោងនេះនឹងមានការសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គនៅភ្នំពេញ និងផ្លូវដែកដែលតភ្ជាប់ពីស្ថានីយសំរោង ទៅតំបន់ជាយក្រុងខាងត្បូងឆ្លងកាត់ទន្លេបាសាក់ផងដែរ។ មកទល់បច្ចុប្បន្ន គម្រោងនៅមិនទាន់អនុវត្ត តែក្រសួងប្រកាសថាគម្រោងនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ តែនឹងគិតគូរក្រោយផ្លូវល្បឿនលឿន។ (អានបន្ថែម)

៤) ការស្ថាបនាពង្រីកបន្តនូវផ្លូវចុះចតរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ជាក់ស្ដែង ជំនួសឱ្យការពង្រីកផ្លូវចុះចតនៅព្រលានដែលមានស្រាប់ រដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ព្រលានថ្មីនៅខេត្តកណ្តាល ដែលមកទល់ពេលនេះសម្រេចបានប្រមាណ ៤០% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣។ (អានបន្ថែម)

៥) ការស្ថាបនានូវទំនប់មួយ និងការធ្វើច្រាំងបេតុងជាច្រកចូលរបស់ទន្លេបាសាក់
គម្រោងនេះ ឃើញថាសាលាក្រុងកំពុងអនុវត្តបណ្ដើរៗ។ ឧទាហរណ៍ដូចជា កាលពីខែមីនាកន្លងទៅ សាលាខណ្ឌច្បារអំពៅ បានចុះបោះបង្គោលកំណត់ទីតាំងដើម្បីស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ (អានបន្ថែម)

៦) ការកំណត់ស្តង់ដាដែលមានអគារខ្ពស់ៗ នៅច្បារអំពៅ នៅបឹងក្រពើ បឹងពោងពាយទល់មុខទន្លេបាសាក់ និងបឹងកក់
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ បើយោងតាមប្រភពព័ត៌មានដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ទទួលបានត្រឹមថ្ងៃទី ៩ កក្កដា ២០២១។

៧) ការកំណត់ទីតាំងទីលានចាក់សំរាម និងការកែលម្អទីតាំងចាក់សំរាមដង្កោ
តាមផែនការគម្រោងនេះ នឹងធ្វើឡើងក្រោមរូបភាពនៃការវិនិយោគ ជារោងចក្រកែច្នៃសំរាម និងការរៀបចំសួនឧទ្យាននៅទីលានចាក់សំរាមមានជ័យ។ ចាប់តាំងពីឆ្នាំ ២០១៥ ក៏មានព័ត៌មានមួយចំនួនទាន់ទិននឹងវិស័យនេះ។
ជាក់ស្ដែង កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពល បង្ហាញផែនការចង់អភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។
គម្រោងនេះសហការដោយ ADB និងក្រុមហ៊ុន Infrastructure of Asia របស់សិង្ហបូរី។ (អានបន្ថែម)

លើសពីនេះ កាលពីដើមឆ្នាំ ២០២១ ក្រសួងបរិស្ថាន ក៏បានស្នើឱ្យក្រុមហ៊ុនសិង្ហបូរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេសម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មីមួយនៅរាជធានីភ្នំពេញ។ (អានបន្ថែម)

មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំមុននេះ ក៏មានក្រុមហ៊ុនជប៉ុនចង់វិនិយោគសាងសង់រោងចក្រផលិតថាមពលពីការដុតសំរាមនៅកម្ពុជាផងដែរ។ (អានបន្ថែម)

៨) ការកំណត់តំបន់អេកូឡូស៊ីព្រែកព្នៅ
គម្រោងនេះកំពុងអនុវត្តហើយ ដោយកាលពីខែមីនា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមដាំដើមឈើលើដីជាង ៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ។ គម្រោងនេះនឹងប្រែក្លាយតំបន់នោះជាឧទ្យាជាតិដ៏ធំមួយ។ តាមផែនការ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។ (អានបន្ថែម)

៩) ការអនុវត្តការថែរក្សា និងលើកតម្កើងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ បើយោងតាមប្រភពព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ទទួលបានត្រឹមថ្ងៃទី ៩ កក្កដា ២០២១។

គួរបញ្ជាក់ផងដែរថា ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញនេះ អាចត្រូវកែសម្រួលក្នុងរយៈពេល ៥ឆ្នាំម្តង ក្នុងករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]