រដ្ឋបញ្ចេញកញ្ចប់ថវិកាជាង ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤
រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។
ទន្ទឹមនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។
គួរបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។
បន្ថែមពីនេះ រាជរដ្ឋភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ជូនចំពោះវិស័យឯកជន និងធុរជន ដូចជាផ្តល់ការលើកទឹកចិត្តពន្ធដារ ២ឆ្នាំថែមទៀត ចំពោះសហគ្រាសកែច្នៃផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច និងជ័រកៅស៊ូ និងបន្តលើកលែងប្រាក់រំដោះពន្ធដារលើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ ឬនាំចេញផលិតផលកសិកម្ម បូករួមទាំងគ្រាប់ស្វាយចន្ទី រយ:ពេល ២ឆ្នាំ (២០២៤-២០២៥)ផងដែរ។
ក្រៅពីនេះ រដ្ឋក៏បានដាក់ចេញវិធានការបន្ថែមផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយោល រួមមានផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ការអនុគ្រោះពន្ធដារ បញ្ចុះថ្លៃអគ្គីសនី ជូនអតិថិជនកសិកម្ម និងឧស្សាហកម្ម ការដឹកជញ្ជូន និងការសម្រួលជាច្រើនផ្សេងទៀត។
- Video Advertisement -