រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីខុសច្បាប់ជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ

មកទល់បច្ចុប្បន្ន អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញកាលពីថ្ងៃទី ២០ ខែ កក្កដា កន្លងមកនេះ។

របាយការណ៍នេះ បានឲ្យដឹងថា ផ្ទៃដីដែលបានដកហូតទាំងនោះរួមមាន តំបន់ការពារធម្មជាតិចំបក់ (១ ៦៤១ ហិកតា) តំបន់ការពារធម្មជាតិទាំង ៨ សហគមន៍ក្នុងស្រុកឱរ៉ាល់ (២ ៧៣២ ហិកតា) និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ (៤៤ ហិកតា)។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង បានថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ កក្កដា នេះថា៖ «ចំពោះបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីព្រៃនេះ គឺយើងធ្វើដូចភ្លៀងរលឹមអញ្ចឹង ហើយយើងប្តេជ្ញាដាច់ខាតក្នុងការការពារការទន្ទ្រានយកដីព្រៃនេះ»

ឯកឧត្តមបានបន្តថា ៖«យើងខិតខំយ៉ាងណា ដាក់បញ្ជារដល់អ្នកពាក់ព័ន្ធមានក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ដែលយើងចាប់ និងដកហូតជាបន្តបន្ទាប់ដូចដែលក្នុងរបាយការណ៍ ដែលបានធ្វើជូនកន្លងមកនេះ។»

ទាក់ទិននឹងបញ្ហានេះដែរ កាលពីដើមខែកក្កដានេះ រដ្ឋាភិបាលក៏បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ មានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ និងសំណង់ផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះ ក៏បានប្រកាសថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម)

រូបភាពដោយ៖ ក្រសួងបរិស្ថាន

- Video Advertisement -