សម្តេចហ៊ុន សែន បញ្ជាឱ្យកាត់ដីជូនដល់ពលរដ្ឋណាដែលរស់ក្នុងតំបន់អភិរក្សរយៈពេលយូរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យក្រសួងពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅលើដីរបស់រដ្ឋ ដូចជាតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ ច្រើនជាង ១០ ឬ ២០ ឆ្នាំ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេច។
ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែរៀបចំកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ ដែលបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំលើដី គម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម»។
«កន្លងមករដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ» សម្ដេច បានបន្ត។
សម្ដេច បានបញ្ជាក់ថា ការងារនេះត្រូវតែធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត និងត្រូវតែបញ្ចប់ឲ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីបានចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ទាំងនោះ ។
«នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត» សម្ដេចបានបន្ត។
ទន្ទឹមនឹងនេះ សម្ដេចក៏បានសំណូមពរឲ្យពលរដ្ឋ កុំឲ្យពង្រីកដីបន្ថែមទៀតអី ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។
ដោយឡែកសម្ដេចក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ នេះបើយោងតាមសារព័ត៌មានRFI ។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះដែរ សម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ ក៏បានសម្រេចចេញនូវច្បាប់ចំនួន ២ គឺទី១ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ទី២ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ហើយក៏បានប្រកាសបើកកាស៊ីណូឡើងវិញបន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ១៩ ។ (អានបន្ថែម និង បន្ថែម)
- Video Advertisement -