រដ្ឋឯកភាពលើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ លើផ្ទៃដីជិត២ពាន់ហិកតា នៅកោះកុង
ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានសម្រេចឯកភាពឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ ១៨៤៣ហិកតា នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានផ្ទៃដីទំហំ ១០២១ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។
មួយវិញទៀត តំបន់ស្នើសុំនេះមានការអភិវឌ្ឍផ្លូវមួយចំនួនរួចទៅហើយ ហើយអាចភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់បានផងដែរ។
ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យទេសចរណ៍ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈ Eco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំងធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រុ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិមួយ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវបានអនុញ្ញាតជាគោលការណ៍ផងដែរ។ (អានបន្ថែម)

