រដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។
រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា«ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនាពេលកន្លងមករបស់អង្កការ សកម្មជនបរិស្ថាន និងសាធារណៈជនានានោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។ (អានបន្ថែម)
ម្យ៉ាងទៀត នៅតំបន់នេះក៏មិនមានសត្វព្រៃកម្រ ឬជិតផុតពូជ ដូចការលើកឡើងនោះទេ ចំណែកឯសត្វព្រៃនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅវិញ គឺមានសុវត្ថិភាព១០០ភាគរយ មិនមានអ្វីប៉ះពាល់ដល់សត្វទាល់តែសោះ។
គួររម្លឹកដែរថា សត្វព្រៃដែលកំពុងរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ គឺទទួលបានការពារដោយរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា មិនមានសត្វព្រៃណាអាចចេញមកខាងក្រៅបានទេ ជាពិសេសមានការការពារមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើបានយ៉ាងល្អ មិនដូចជាការលើកឡើងរបស់សាធារណៈជនមួយចំនួននោះទេ ។
ការចេញសេចក្តីប្រកាសភ្លាមៗរបស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។
យ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើ ក៏អំពាវនាវឲ្យឈប់មានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃនៅសួនភ្នំតាម៉ៅផងដែរ៕
- Video Advertisement -