រយៈពេល៦ខែ ខេត្តព្រះសីហនុ មានទេសចរសរុប ២,៨លាននាក់ ក្នុងនោះមានទេសចរបរទេស ២០ម៉ឺននាក់
ត្រឹមរយៈពេល ៦ខែ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់។ នេះបើតាមជំនួបពិភាក្សា រវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់ ក្នុងនោះមានភ្ញៀវជាតិ ២លាន៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្តមបន្ថែមថា ក្នុងនោះ មានភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅតំបន់កោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ដោយភូមិសាស្រ្តខេត្តនេះ មានក្រុងរហូតដល់២ ស្រុកចំនួន៣ ឃុំចំនួន២៩ ភូមិចំនួន១១១ រីឯកោះមានដល់ទៅ៣២កោះ បូករួមនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានប្រវែង ១៧៥គីឡូម៉ែត្រ ព្រមទាំងមានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រជាច្រើនថែមទៀតផង។
ជាងនេះទៅទៀត ខេត្តព្រះសីហនុ ក៏ជាខេត្តមួយ ក្នុងចំនោមខេត្តតំបន់ឆ្នេរទាំង៤ (ខេត្តកោះកុង កំពត កែប) ដែលត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាសមាជិកឆ្នេរស្អាតជាងគេលើពិភពលោក និងជាតារារះនាទិសនារតីផងដែរ។
យ៉ាងណាមិញ តាមរយៈជំនួបខាងលើ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរីឱ្យមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត៕
គួររម្លឹកទៀតថា កម្ពុជាកំពុងពិចារណលើកិច្ចសហការជាមួយប្រទេសថៃ និងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ (អានបន្ថែម)
- Video Advertisement -