រយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%
ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែការនាំចេញរបស់កម្ពុជាគឺនៅរក្សាបានកំណើនវិជ្ជមានដដែល។ នេះបើតាមការឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ ថយចុះ ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។
ចំពោះទំនិញដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០.៩%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១ពាន់លានដុល្លារ កើនឡើង ៩៨.៥%, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបរិភោគបានមានតម្លៃ ៣៣២លានដុល្លារ កើនឡើង ២២.៣%។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២,៤ ពាន់លានដុល្លារ កើនឡើង៩,២ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង៤៨ពាន់លានដុល្លារ៕
- Video Advertisement -